ទំហំ​ការិយាល័យ​កើន​ឡើង​ជាង​៨៤​ម៉ឺន​ម៉ែត្រការ៉េ ​នៅ​រាជធានី​ភ្នំពេញ​

169

ភ្នំពេញ ៖ ទំហំអគារការិយាល័យ និងតម្រូវការប្រើប្រាស់អាគារការិយាល័យបាន នឹងកំពុងកើនឡើងព្រមគ្នា ស្របពេលការផ្គត់ផ្គង់អាគារការិយាល័យបានកើនរហូតដល់ ជាង៨៤ម៉ឺនម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់នៅពេលថ្មីៗនេះ បានឲ្យដឹងថា គិតរហូតដល់ដំណាច់ឆមាសទី១ឆ្នាំនេះ ទំហំអាគារការិយាល័យកម្រិតA កើនឡើងជាង៣៤ម៉ឺនម៉ែត្រការ៉េ ការិយាល័យប្រភេទB កើនឡើងជាង៣០ម៉ឺនម៉ែត្រការ៉េ និងទំហំការិយាល័យកម្រិត C មានទំហំកើនឡើងដល់ជាង២០ម៉ឺនម៉ែត្រការ៉េ។ តម្លៃការិយាល័យកម្រិតA មានតម្លៃចន្លោះពី៣០ទៅ៤០ដុល្លារ ការិយាល័យកម្រិតB មានតម្លៃចាប់ពី១២ ទៅ៣០ដុល្លារ និងការិយាល័យC មានតម្លៃចាប់ពី៨ ទៅ១២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាដដែលបានរកឃើញថា តម្រូវការការិយាល័យធ្វើការបន្តកើនឡើង ដោយសារការមកដល់នូវក្រុមហ៊ុនថ្មីៗ កាន់តែច្រើន ដែលបានធ្វើឲ្យតំលៃជួល មានកំណើនចន្លោះពី៥ទៅ១០ភាគរយផងដែរ។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ សីហានេះថា ទីផ្សារការិយាល័យនៅតែមានភាពល្អប្រសើរ ដោយសារការផ្គត់ផ្គង់មិនទាន់លើសតម្រូវការនោះទេ ហើយការចូលមកដល់នៃក្រុមហ៊ុនថ្មីៗបានធ្វើ ឲ្យតម្រូវការជួលការិយាល័យ មានការកើនឡើង។លោក បន្តថា វិស័យនេះ នៅតែបង្ហាញសញ្ញារឹងមាំ និងជាពេលល្អសម្រាប់ការវិនិយោគ។

ការវិនិយោគអាគារការិយាល័យជាការវិនិយោគមួយល្អ ព្រោះអាគារការិយាល័យមានតម្រូវការច្រើន ហើយការវិនិយោគលើអាគារបែបនេះ មិនសូវចំណាយប្រាក់ច្រើនលើការរចនាអាគារនោះទេ៕