ចិន​នៅតែ​ជា​ទិសដៅ​សំខាន់​របស់​គណៈកម្មការ​រៀបចំ​ទិវា​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​

52

ម៉ារ៉ាតុង៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ-ចក្រភពខ្មែរលើកទី៤ នៅខេត្តសៀមរាបកាលពីចុងសប្ដាហ៍កន្លងទៅលោក សែម ផល្លា នាយកចាត់ការទូទៅនៃព្រឹត្តិការណ៍អន្តរជាតិនេះ បានចាត់ទុកប្រទេសចិននៅតែជាគោលដៅសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកចូលរួមច្រើនជាងគេ សម្រាប់ការរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រនេះនាឆ្នាំបន្តបន្ទាប់ទៀត។

Angkor4

លោក សែម ផល្លា នាយកក្រុមហ៊ុន Cambodia Events Organizer បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភ្ញៀវបរទេសចូលរួមរត់ម៉ារ៉ាតុងចក្រភពខ្មែរឆ្នាំនេះ គឺមានប្រជាជនចិនច្រើនជាងគេ។ លោកពន្យល់ថា ការរៀបចំក្នុងរដូវធ្លាក់ភ្លៀងនេះគឺមិនសូវមានភ្ញៀវបរទេសមកពីអឺរ៉ុបចូលរួមទេ ព្រោះពួកគេច្រើនចាប់អារម្មណ៍នឹងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរអន្តរជាតិនាខែធ្នូ ព្រោះជាខែវិស្សមកាលរបស់ពួកគេ។ ដូច្នេះក្រុមការងាររបស់លោក នឹងបន្តផ្សព្វផ្សាយក្នុងតំបន់អាស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមទិវារត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រខាងលើ ពិសេសគឺប្រទេសចិនដែលជាគោលដៅសំខាន់ជាងគេតែម្ដង។

Angkor1

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញពីមោទនភាពចំពោះការទាក់ទាញភ្ញៀវទេសចរណ៍ចិនមកចូលរួមច្រើនជាងគេ នៅក្នុងទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរលើកនេះ ព្រោះវាគឺជាភាពជោគជ័យមួយនៅក្នុងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ដែលកំពុងអនុវត្តគោលការណ៍ទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន ២០លាននាក់នៅឆ្នាំ២០២០ខាងមុខ។ តាមរយៈការរៀបចំឆ្នាំនេះឯកឧត្ដមក៏រំពឹងថា ទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរនឹងទទួលបានជោគជ័យ ដូចទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរអន្តរជាតិនាពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៤ គឺមានភ្ញៀវជាតិ និងអន្តរជាតិចូលរួម ៣,៥០០នាក់មកពី ៥៣ប្រទេសលើពិភពលោក ក្នុងនោះមានវត្តមានប្រជាពលរដ្ឋចិនដល់ទៅជិត ៧០០នាក់ឯណោះ៕

អត្ថបទ លី ឈុនឡា