សួនសត្វ​ភ្នំ​តា​ម៉ៅ ទោះបី​ក្នុង​រដូវ​ភ្លៀង ​នៅ​តែមាន​ភ្ញៀវ​ចូល​ទស្សនា​ជា​ធម្មតា

180

តាកែវ ៖ មន្ត្រីសួនសត្វភ្នំតាម៉ៅ បានអះអាងថា សួនសត្វភ្នំតាម៉ៅ បើទោះណានៅក្នុងរដូវវស្សានេះ មានភ្លៀងធ្លាក់ ច្រើនយ៉ាងណាក៏ដោយ ក៏សួនសត្វមួយនេះ នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាច្រើនជា ធម្មតា។

មន្ត្រីផ្នែកចំណីសត្វសួនសត្វភ្នំតាម៉ៅ លោក សៅ ណាក់ បានប្រាប់កាលពីចុងសប្តាហ៍នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា នៅក្នុងសួនសត្វភ្នំតាម៉ៅនេះ គឺមានច្រើនតែក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថ្ងៃ ឈប់សំរាក ហើយក្រៅពីថ្ងៃឈប់សំរាកទាំងនោះ គឺមានភ្ញៀវទេសចរចូលទស្សនាតិចតូចបំផុត។

លោក បន្តថា ភ្ញៀវទេសចរដែលមកទស្សនានៅសួនសត្វភ្នំតាម៉ៅ គឺភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក និងជាប្រភេទភ្ញៀវនាំកូនចៅក្មេងតូចៗដើរទស្សនាសត្វ ហើយក្រៅពីនេះ មួយភាគតូចក៏មានភ្ញៀវទេសចរបរទេសមានចូលទស្សនាផងដែរ។

លោក សៅ ណាក់ អះអាងថា ភ្ញៀវទេសចរចូលមកទស្សនានេះ ការមានកំណើន ជាងមុន។ ឯការកើននេះ បានបង្កើតឱកាសច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមកប្រកបរបរលក់ដូរផ្សេងៗរកចំណូលប្រចាំថ្ងៃ ក៏ដូចជាការទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ចំណីសត្វកំពុងអភិរក្សផងដែរ។

តាមមន្ត្រីលក់សំបុត្រម្នាក់សុំមិនបញ្ចេញឈ្មោះ អះអាងថា ជាទូទៅសួនសត្វភ្នំតាម៉ៅនៅរៀងរាល់ថ្ងៃឈប់សំរាក គឺមានភ្ញៀវទេសចរណ៍ចូលទស្សនាប្រមាណពី៤០០ទៅ៥០០នាក់ក្នុងមួយថ្ងៃ ដោយឡែកសម្រាប់ថ្ងៃធម្មតា គឺមានភ្ញៀវចូលទស្សនាពេលខ្លះមានមិនដល់១០០នាក់ផងនោះទេ។ សម្រាប់តម្លៃសំបុត្រចូលទស្សនាសម្រាប់មនុស្សចាស់គឺត្រូវបានយកក្នុងតំលៃ២០០០រៀលក្នុងម្នាក់ ឯក្មេងមិនត្រូវបានគិតថ្លៃនោះឡើយ ដោយឡែកសម្រាប់តម្លៃយានយន្តគឺត្រូវយកទៅតាមប្រភេទយានយន្ត។

ប្រជាពលរដ្ឋម្នាក់ដែលចូលទស្សនានៅក្នុងសួនសត្វភ្នំតាម៉ៅ លោក កែវ ភឿន មកពីស្រុកកណ្តាលស្ទឹង បានអះអាងថា ពេលនេះជាលើកទី៧ ដែលលោកនឹងក្រុមគ្រួសារ មកលេងភ្នំតាម៉ៅដើម្បីអង្គុយលេងកម្សាន្ត នៅក្រោមម្លប់ឈើផង និងចង់នាំកូនចៅឲ្យស្គាល់ពីសត្វនានាផង។

យោងតាមរបាយការណ៍បញ្ជាក់ថា បច្ចុប្បន្ននៅក្នុងសួនសត្វភ្នំតាម៉ៅ គឺមានសត្វចំនួនជាង៩០ប្រភេទ កំពុងត្រូវបានគ្រប់គ្រងដោយរាជរដ្ឋាភិបាល ហើយភាគច្រើនសត្វដែលមាននៅក្នុងសួននេះ គឺបានមកពីដកហូតពីក្រុមជនល្មើសជួញដូរសត្វព្រៃខុសច្បាប់។ ឯសត្វមួយចំនួនទៀត ដែលប្រឈមនឹងការបាត់បង់គឺត្រូវបានប្រមូលយកមកអភិរក្សនៅក្នុងសួននេះផងដែរ៕

btvnews(08-08-2017(3)) btvnews(08-08-2017(2)) 070920110202 3779812 17544_303821036391_301955191391_3571951_2366427_n