៧​ខែ​ដើម​ឆ្នាំនេះ ទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​ភ្នំពេញ​កើន ២៤%

222

ភ្នំពេញ៖ រយៈពេល៧ ខែដើមឆ្នាំនេះ ទំនិញដែលបានឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញមានកំណើន ២៤%ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្ដម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានថ្លែងឲ្យដឹងកាលពីថ្ងៃទី០៨ ខែសីហានេះថា បើគិតពីស្ថានភាពនៃការលើកដាក់ទំនិញឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញនៅរយៈពេល ៧ ខែដើមឆ្នាំ២០១៧ ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦មានកំណើន ២៤% ក្នុងនោះ កំណើននាំចេញ និងនាំចូលនៅតែបន្តកើនឡើង។

ឯកឧត្ដម បានបន្តថា កំណើននេះបង្ហាញថា សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានកំណើនដូច ដែលរាជរដ្ឋាភិបាលបានគ្រោងទុក ហើយបច្ចុប្បន្នផែភ្នំពេញនៅមានភាពតូចចង្អៀតពិបាកការដឹកជញ្ជូនទំនិញ ដែលតាម គ្រោងទុកនឹងពង្រីកផែនចំណតផែពីទន្លេបិទ ទៅព្រែកអញ្ចាញ ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់។

ឯកឧត្ដម បានបញ្ជាក់ថា ស្ថានភាពនៃការនាំចេញរបស់កសិផលកម្ពុជា តាមរយៈផែភ្នំពេញនៅតែមានសន្ទុះជាធម្មតា ហើយទំនិញនាំចូលមានស្ថានភាពល្អប្រសើរ។

សម្រាប់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកញ្ញា សឹង សុផារីបានថ្លែងថា ជាធម្មតាទេការធ្វើពាណិជ្ជកម្មតែងតែមានការឡើងចុះ ដែលអាស្រ័យទៅតាមស្ថានភាពរបស់ប្រទេសមួយ នោះហើយជាក់ស្តែងដូចកម្ពុជាមានសេវាដឹកជញ្ជូនតាមផ្លូវទឹកនៅតែមានសន្ទុះកើនឡើង។

យោងតាមតួលេខពីកំពង់ផែស្វយ័តភ្នំពេញបង្ហាញថា ៧ខែដើមឆ្នាំនេះ ទំនិញដែលបានឆ្លងកាត់តាមកំពង់ផែភ្នំពេញគិតជាកុងទន័រមានចំនួន១០ ម៉ឺន២ ពាន់ ១៤៤ ភីយូ ធៀបឆ្នាំមុនមានចំនួន ៨ ម៉ឺន ២ពាន់ ៦៨៨ ភីយូ មានកំណើន២៤%

ក្នុងនោះ ទំនិញនាំចូលមានគ្រឿងសំណង់ វត្ថុធាតុដើមផ្នែក វាយណភ័ណកាត់ដេរ សម្ភារៈប្រើប្រាស់ ហើយកម្ពុជានាំចេញមាន វាយណភ័ណកាត់ដេរ អង្ករ និងផលិតផលផ្សេងៗទៀតជាទំនិញរាយ ។

តាមគម្រោងកំពង់ផែស្វយ័តភ្នំពេញកំពុងរៀបចំបង្កើតសាខាចំណតថ្មីទៅជិតអ្នកប្រើប្រាស់បន្ថែមទៀតនៅជាយក្រុងភ្នំពេញមានប្រវែងជាង ១០០ ម៉ែត្រ ដោយចំណាយថវិកាប្រមាណ ១០ លានដុល្លារអាមេរិក ដើម្បីសម្រួលការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕