លោក​ជំទាវ​ ជូ ប៊ុន​អេង​ ៖ អំពើ​ជួញដូរ​មនុស្ស​បាន​នឹង​កំពុង​តែ​លេចចេញ​នូវ​រូបភាព​ថ្មីៗ

68

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងតែលេចចេញនូវរូបភាពថ្មីៗ ដែលចាំបាច់ត្រូវរិះរកសកម្មភាពថ្មី ដែលឆ្លើយតបទៅនឹងបញ្ហា ឲ្យបានល្អប្រសើរ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សសម្រាប់អនុវត្តឆ្នាំ២០១៧២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋ មន្ត្រីស្តីទី នៅព្រឹកថ្ងៃទី០៩ ខែសីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាទទួលអនុវត្តនូវអនុស្សរណៈ និងកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស ដែលចាំបាច់ត្រូវអនុវត្តអោយទទួលបានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ជូ ប៊ុនអេង បន្តថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយអង្គការ វិនរ៉ក់អន្តរជាតិ ដើម្បីអោយអ្នកជំនាញវាយតម្លៃឯករាជ្យ ធ្វើការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព និងផលប៉ះពាល់ ឬចំណុចខ្វះខាតផ្សេងៗ ដែលអាចឈានទៅតម្រង់ ទិសកែលំអរការអនុវត្តនៅពាក់កណ្តាលអាណត្តិ នៃផែនការបន្តទៅទៀតសម្រាប់ឆ្នាំ២០១៧២០១៨។

នៅក្នុងឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្តឆ្នាំ២០១៧២០១៨ បានបង្ហាញថា បទល្មើសថ្មី ហើយករណីចាស់ជាច្រើនមិនទាន់សម្រេចផ្ដន្ទាទោសនៅឡើយ។ មុខសញ្ញាការងារមួយចំនួនខ្វះថវិកាសម្រាប់អនុវត្តសកម្មភាពប្រឆាំងការជួញដូរមនុស្ស ជាពិសេសនៅក្នុងប្រតិបត្តិការស៊ើបអង្កេត និងបង្ក្រាប។ ខ្វះធនធានមនុស្សសម្រាប់កិច្ចការយុត្តិធម៌ ជាពិសេសការបង្កើតអាជ្ញាធរកណ្តាល និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ក្នុងក្រសួងយុត្តិធម៌។ មិនទាន់មានយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ ដែលមានលក្ខណៈជាប្រព័ន្ធ៕