ក្រុម​ជញ្ជីង​ចល័ត​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បួន​គ្រឿងក្នុង​ខេត្តក្រចេះ​

73

ក្រចេះ ៖ ក្រុមជញ្ជីងចល័ត ក្នុងប្រតិបត្តិការត្រួតពិនិត្យការដឹកជញ្ជូនផ្ទុកលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី០៧ ខែសីហានេះ បានធ្វើការពិន័យរថយន្តដឹកលើសទម្ងន់បួនគ្រឿងជាប្រាក់ជាង១៥លានរៀល នៅក្នុងស្រុកស្នួល ខេត្តក្រចេះ។

ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្មក់ចាប់រថយន្តចំនួនបួនគ្រឿង ដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី០៧ ខែសីហា នេះ នៅលើផ្លូវជាតិលេខ៧ ឋិតក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ និងបានធ្វើការផាកពិន័យជាប្រាក់បានចំនួនជាង១៥លានរៀល។

ប្រតិបត្តិការឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់នេះ ដឹកនាំដោយឯកឧត្តម តេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងកម្លាំងសមត្ថកិច្ចចម្រុះ ។

ឯកឧត្តម តេង ឈួន បានឲ្យដឹងថា រថយន្តទាំងបួនគ្រឿងនេះ បានដឹកទំនិញលើសទម្ងន់កំណត់ចាប់ពី៦តោនទៅ២១តោន។ ក្រុមការងារជញ្ជីងចល័តនឹងធ្វើការត្រួតពិនិត្យជាប្រចាំនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងកាត់បន្ថយការខូចខាតផ្លូវជាតិដែលកន្លងមកការចំណាយលើការជួសជុលផ្លូវថ្នល់ត្រូវចំណាយអស់ថវិកាជាតិជាច្រើន។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់យានយន្តដឹកទំនិញទាំងអស់ កុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះរដូវនេះជារដូវវស្សា ងាយធ្វើឲ្យខូចផ្លូវដោយសារតែការដឹកទំនិញលើសកំណត់នេះ៕

bopia(09-08-2017(5)) bopia(09-08-2017(4)) bopia(09-08-2017(3))