មន្ត្រី​ជាន់ខ្ពស់​ពន្ធដារ​និយាយថា ​ការចូលរួម​បង់ពន្ធ​ជា​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស

48

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកាតព្វកិច្ចបង់ពន្ធ សូមចូលរួមបង់ពន្ធ ព្រោះកាតព្វកិច្ចបង់ពន្ធមានតួនាទីសំខាន់ ក្នុងការចូលអភិវឌ្ឍប្រទេសជាតិយើង និងត្រូវគោរពច្បាប់ជាធរមានទាំងអស់គ្នា ។

ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយក្រុម អាជីវករនៅផ្សារទំនើបអេអន អំពីកាតព្វកិច្ចបង់ពន្ធ នៅថ្ងៃទី៩ ខែសីហានេះថា ស្របតាមគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលជាច្រើន នៅលើក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងការពង្រឹងឲ្យមានតម្លាភាព សមភាព គណនេយ្យភាព សំដៅជំរុញឲ្យចំណូលពន្ធមានការកើន ឡើងជាបន្តបន្ទាប់។ ជាក់ស្តែងសម្រាប់ឆមាសទី១ ឆ្នាំនេះ ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបានលទ្ធផលល្អប្រសើរផងដែរ ព្រោះចំណូលពន្ធមានតួនាទីសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ទៅតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នឹងជាផ្នែកមួយដែលមានភាពទាក់ទាញ និងមានភាពជឿទុកចិត្តពីអ្នកវិនិយោគផងដែរ ។

ពាក់ព័ន្ធ នឹងកាតព្វកិច្ចបង់ពន្ធ ឯកឧត្តម កែន សម្បត្តិ ក៏បានអំពាវនាវដល់ក្រុមអាជីវករក្នុងផ្សារអីអន ក៏ដូចជា ប្រជាពលរដ្ឋជាម្ចាស់សហគ្រាសនៅទូទាំងប្រទេស ត្រូវចូលរួមបង់ពន្ធ និងគោរពច្បាប់ជាធរមានទាំងអស់គ្នា ក្នុងនោះសម្រាប់សហគ្រាសដែលមិនទាន់បានចុះបញ្ជី ត្រូវទៅចុះបញ្ជីឲ្យបានរុះ រាន់ ព្រោះច្បាប់គឺជាកាតព្វកិច្ចដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែបំពេញការចូលរួមបង់ពន្ធពីប្រជាពលរដ្ឋ ។

តាមការលើកឡើង របស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលពន្ធបានកើនឡើងជាមធ្យម២០%ក្នុងមួយឆ្នាំៗ គឺបានកើនប្រមាណពី៧៣៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ រហូតទទួលបានប្រមាណជាង១.៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦កន្លងមកនេះ៕

btvnews(01-03-2016(1)) btvnews(02-03-2016(2))