ភាព ចាន់​ដេវីត ប្ដេជ្ញា​ដើរ​តាម​គន្លង​កីឡាករ​ ប្រាក់ មុន្នី​ឧ​ត្ត​ម លើ​វិថី​បាល់ទាត់​

579

បាល់ទាត់៖ បន្ទាប់ពីបានក្លាយជាសមាជិកកុងត្រា ១០ឆ្នាំជាមួយក្លឹប Cambodian Tiger ខ្សែប្រយុទ្ធវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត បានប្ដេជ្ញាចិត្តខ្លួននឹងព្យាយាមហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅសម្រេចក្ដីសុបិនលើវិថីបាល់ទាត់ ពិសេសគឺការដើមតាមគន្លងរបស់កីឡាករជម្រើសជាតិ ប្រាក់ មុន្នីឧត្តម ដែលជានិមិត្តរូបរបស់ខ្លួនផ្ទាល់តែម្ដង។

ខ្សែប្រយុទ្ធវ័យក្មេងមានប្រភពពីខេត្តសៀមរាប ភាព ចាន់ដេវីត បានបង្ហើបថា ប្រាក់ មុន្នីឧត្ដម គឺជានិមិត្តរូបរបស់ខ្លួនតាំងពីតូច។ ដូច្នេះជំហ៊ានដំបូងនៃអាជីពបាល់ទាត់ត្រឹមវ័យ ១៣ឆ្នាំ ខ្លួននឹងខិតខំធ្វើឲ្យបានល្អដូចខ្សែបម្រើ-ប្រយុទ្ធមកពីក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះដែរ ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងបង្ហាញឲ្យប្រជាពលរដ្ឋ បានស្គាល់ពីសមត្ថភាពកីឡាករនៃខេត្តសៀមរាប។ សូមបញ្ជាក់ថា ដេវីត បានចូលលេងបាល់ទាត់ក្នុងវ័យ ១០ឆ្នាំ មុននឹងគេត្រូវបានជ្រើសរើសជាថ្នាលយុវជនរបស់ក្លឹប Next Step កាលពីឆ្នាំ២០១៦កន្លងទៅ។ ជាមួយគ្នានោះគេបានព្យាយាមហ្វឹកហាត់ និងខិតខំជាខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ ហេតុផលនេះបានធ្វើឲ្យថ្នាក់ដឹកនាំក្រុម Cambodian Tiger ចាប់ចិត្ត និងចុះកុងត្រារយៈពេលវែង ហើយថែមទាំងផ្ដល់នូវការឧបត្ថម្ភការសិក្សា និងសន្យាជំរុញ ដេវីត ឲ្យក្លាយជាកីឡាករល្បីនាពេលអនាគតទៀតផង៕

អត្ថបទ លី ឈុនឡា