កីឡាករ​ទាញព្រ័ត្រ ១០​រូប​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ី​នៅប្រទេសសិង្ហបុរីព្រឹក​នេះ​

35

ទាញព្រ័ត្រ៖ បន្ទាប់ពីបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំដូចភ្លៀងរលឹមជាច្រើនខែកន្លងទៅ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរកឃើញកីឡាករជើងខ្លាំង ១០រូបដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡា ទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៧ ប្រទេសសិង្ហបុរីហើយ ដោយពួកគេបានធ្វើដំណើរឆ្ពោះទៅកន្លែងប្រកួតនាព្រឹកថ្ងៃទី១០ ខែសីហានេះ។Protមុនចេញដំណើរកាលពីល្ងាចម្សិលមិញថ្នាក់ដឹកនាំសហព័ន្ធ ក្រោមការដឹកនាំរបស់ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំកម្មវិធីជួបជុំមួយនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសំណេះសំណាល និងលើកទឹកចិត្តចំពោះកីឡាករតំណាងឲ្យជាតិទាំង ១០រូបក្នុងដំណើរឆ្ពោះទៅការប្រកួតលើឆាកអន្តរជាតិ និងទទួលបាននូវលទ្ធផលល្អត្រឡប់មកវិញ។ ថ្លែងក្នុងឱកាសនោះឯកឧត្ដម មាស សារិន បានបញ្ជាក់ថា គោលដៅក្នុងការស្វែងរកជើងឯកគឺជារឿងពិបាកមួយ សម្រាប់កម្ពុជាពីព្រោះប្រទេសដែលចូលរួមគឺសុទ្ធតែប្រទេសខ្លាំងខាងផ្នែកកីឡានេះ ស្របពេលកីឡាទាញព្រ័ត្រកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ។ តែការបង្ហាញខ្លួនលើកដំបូងលើឆាកអន្តរជាតិនេះ គឺដើម្បីក្រេបជញ្ជក់យកបទពិសោធន៍ពីប្រទេសទាំងនោះ ដើម្បីស្វែងយល់ពីរបៀបនៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ និងការអភិវឌ្ឍន៍ខ្លួនឲ្យមានការរីកចម្រើននាពេលអនាគត។

អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអ្នកស្រី ប្រាក់ សម្ផស្ស បានឲ្យដឹងដែរថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ីលើកទី៩ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះនឹងធ្វើការប្រកួតរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ដោយមាន ៧ប្រទេសចូលរួមដូចជាម៉ាឡេស៊ី ប្រ៊ុយណេ នេប៉ាល់ ឆាយនីសតៃប៉ិ សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងកម្ពុជា។ សម្រាប់សមាសភាពកីឡាករទាញព្រ័ត្រកម្ពុជាទាំង ១០រូបរួមមានកីឡាករ ងួន ដូ, គង់ សុភាព, ម៉ៅ វុធា, ឌួង មាសបញ្ញា, សុខ រតនៈ, ជួន វៃ, យ៉ាន់ ដាម, គុណ ណារ៉ាក់, សូ រ៉ាន់ឌីណា និងកីឡាករ ទឹម សាមឌី៕
អត្ថបទ លី ឈុនឡា