ក្រុមហ៊ុន​ចំនួន​៥ កំពុង​បញ្ជា​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​ ដើម្បី​នាំចេញ

114

កំពង់ស្ពឺ ៖ ស្ករត្នោតកំពង់ស្ពឺបើគិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ មានក្រុមហ៊ុនចំនួន ៥ហើយកំពុងបញ្ជាទិញដើម្បីកែច្នៃនាំចេញ ។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងថា ឆ្នាំ២០១៧នេះ មានក្រុមហ៊ុន៥ ហើយបានបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ហើយក្នុងនោះមានក្រុមហ៊ុនធំមួយឈ្មោះ ហ្វីណែតជ័រទិញ ដែលមានបរិមាណសរុបប្រមាណ ១៤៥ តោនទៅកាន់ទីផ្សារអន្តរជាតិ។

លោក បានបន្តទៀតថា តម្លៃស្ករត្នោតក្នុង ១ គីឡូលក់ថ្លៃ ៦២០០ រៀល ហើយ នៅឆ្នាំ២០១៨ សមាគម មាន ផែនជំរុញឲ្យកសិករផលិតឲ្យបាន ៤០០ តោន ទៅតាមការបញ្ជាទិញពីក្រុមហ៊ុនក្នុងស្រុក ហើយនៅដំណាច់ឆ្នាំ២០១៧នេះ បើសិនជាកសិករមិនជួបបញ្ហាអាកាសធាតុទេនោះ ការផលិត និងឆ្លើយតបតាមទីផ្សារនាំចេញ។ លោក បានថ្លែងទៀតថា ក្រុមហ៊ុនជាដៃគូនាំចេញនៅតែបន្តប្រមូលទិញ ដើម្បីវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែក លោក ហ៊ឹម ពិសិទ្ធ ប្រធានផ្នែកផលិតរបស់ក្រុមហ៊ុន Confirel បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមានគម្រោងប្រមូលទិញស្ករពីកសិករប្រមាណ ១២០តោនមកកែច្នៃនិងវេចខ្ចប់ ដើម្បីធ្វើការនាំចេញលើទីផ្សារ។

លោក បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែបង្កើនផលិតភាពរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ក្នុងការនាំចេញផលិតផលស្ករត្នោតខ្មែរ ដែលបានកែច្នៃរួចឲ្យទៅជាផលិតផលមានតម្លៃបន្ថែម ហើយតាមរយៈ Confirel នេះស្ករត្នោតកម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ។

នៅឆ្នាំ២០១៦ នេះស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញឲ្យបានប្រមាណ ៥០០ តោនទៅទីផ្សារអន្តរជាតិ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ៨កំពុងប្រមូលទិញស្ករត្នោតពីកសិករ។ តាមផែនការរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញឲ្យបានជាង ១០០តោន និងលក់ក្នុងស្រុកបានប្រមាណជាង ១០តោន ៕