កម្ពុជា​រំពឹង​ទទួល​បាន​ដំណក់​ប្រេង​ ជា​លើក​ដំបូង​ នៅ​ឆ្នាំ​២០២០

389

ភ្នំពេញ ៖ តំណក់ប្រេងកម្ពុជា ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាយូរមកហើយ រំពឹងទទួលបាននៅឆ្នាំ២០២០ ខាងមុខនេះ ស្របពេលរដ្ឋាភិបាលនឹងផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន Kris Energy ចាប់ផ្តើម ផលិតកម្មរបស់ខ្លួន។

លោក ជាប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៩ ខែសីហា ម្សិលម៉ិញថា រដ្ឋាភិបាលនឹងផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន KRISENERGY ដើម្បីចាប់ផ្តើមសកម្មភាពវិនិយោគ និងឈានទៅទាញយកប្រេងឆៅនៅតំបន់ប្លុកA នៅចុងខែសីហានេះ ដែលធ្វើឲ្យយើងរំពឹងថា កម្ពុជានឹងទទួលបានដំណក់ប្រេង លើកដំបូងនៅឆ្នាំ២០២០ ព្រោះបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតនេះ ក្រុមហ៊ុនត្រូវការរយៈពេល២៦ខែ ទើបអាចទាញយកប្រេងបាន។

លោក បន្តថា ក្នុងចំណោមប្លុកប្រេងទាំង៦ របស់កម្ពុជា ដែលមានទីតាំងនៅក្នុងសមុទ្រមានតែប្លុកA មួយប៉ុណ្ណោះមានសកម្មភាពដែលកំពុងរៀបចំដោយក្រុមហ៊ុន Kris Energy ដែលរហូតមកទល់ពេលនេះ ការបែងចែកភាគលាភរវាងរដ្ឋាភិបាល និងក្រុមហ៊ុននេះ បានបញ្ចប់ហើយ។

លោក ជាប សួរ បានបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុននិងរដ្ឋាភិបាលបានចរចាត្រូវគ្នាអស់ហើយ ដែលយើងសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខ កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួន”។លោក បន្តថា “ប្រសិនជាតម្លៃប្រេងនៅទីផ្សារ អន្តរជាតិបន្តធ្លាក់ចុះ អ្វីៗអាចប្រែប្រួល ព្រោះអ្វីដែលរដ្ឋាភិបាលខិតខំកន្លងមក គឺមកពីយើងមិនទាន់មានសំណាងទទួលបាន”។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ក្នុងស្ថានភាពបច្ចុប្បន្នតម្លៃប្រេងនៅលើពិភពលោកបានធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃទទួលបានមានកម្រិតទាប និងបរិមាណទទួលបានមានចំនួនតិច វាអាចធ្វើឲ្យផលិតកម្មប្រេងរួមតូច ប៉ុន្តែធម្មតាប្រទេសណាមានធនធានធម្មជាតិ មិនថារ៉ែ ឬធនធានធម្មជាតិអ្វីនោះទេ គឺជាធនធានសំខាន់សម្រាប់កសាងជាតិសំខាន់ហើយ ដែលទាមទារឲ្យរដ្ឋាភិបាលចាត់ចែងធនធានទាំងនោះឲ្យមានប្រសិទ្ធិភាព។

លោក បន្តថា “កម្ពុជាត្រូវមានចំណុចត្រូវកែលំអរច្រើន ហើយការពន្យាពេលនេះ ក៏ជាឱកាស រៀបចំយន្តការឲ្យបានល្អប្រសើរ ដើម្បីកុំឲ្យពេលយើងយកបានធនធានប្រេងហើយ យើងសប្បាយចិត្តបានតែរយៈពេលខ្លី ដោយសារមិនបានកៀរគរចំណូលចូលថវិកាជាតិ ដែលធ្វើ ឲ្យធនធានធម្មជាតិក៏ត្រូវបាត់បង់ និងឱកាសកសាងជាតិក៏មិនមាន”៕