Conte៖ Chelsea ត្រូវ​ចាយ​លុយ​ថែមទៀត​ដើម្បី​ទិញ​កីឡាករ​មក​ពង្រឹង​ក្លឹប​​

369

បាល់ទាត់៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បាននិយាយថា Chelsea ត្រូវចាយលុយបន្ថែមទៀតដើម្បីទិញកីឡាករមកពង្រឹងក្រុម។

និយាយក្នុងកិច្ចសម្ភាសន៍មួយមុនរដូវកាលថ្មី English Premier League ដែលនឹងចូលមកដល់ចុងសប្ដាហ៍នេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានអោយដឹងថា ជាការពិតលុយអាចទិញអ្វីៗបាន ហើយសំរាប់ស្ថានភាពបច្ចុប្បន្នរបស់ Chelsea គឺត្រូវតែចាយលុយ ពីព្រោះក្រុមបានបាត់បង់កីឡាករសំខាន់ៗមួយចំនួនដូចជា Ivanovic, Mikel និង John Terry ក៏ដូចជា Matic ដែលទើបលក់ចេញ ហើយ Diego Costa ក៏មិនទាន់ច្បាស់លាស់ថានៅ Chelsea បន្តរឺអត់។ អតិតគ្រូបង្វឹកក្រុមជំរើសជាតិអ៊ីតាលីរូបនេះបន្តទៀតថា តួនាទីរបស់លោកត្រឹមជាគ្រូបង្វឹក ត្រូវបង្វឹកកីឡាករអោយបានល្អ រៀបចំយុទ្ធសាស្ត្រជាដើម ហើយជាការពិតក្លឹបប្រាកដជាដឹងច្បាស់ថា លោកត្រូវការអ្វី។ លោកមិនមានសិទ្ធិអ្វីក្នុងការសំរេចនាំយកកីឡាកររូបណានោះឡើយ។

ចុងក្រោយគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះបានរៀបរាប់ថា រដូវកាលមុន Chelsea ឈ្នះជើងឯក Premier League វាជារឿងលំបាកសំរាប់លោកលើទឹកដីថ្មី ភាសាថ្មី បរិបទថ្មី តែលោកពេញចិត្តនឹងការរស់នៅអង់គ្លេស។ រដូវកាលនេះជាការពិតណាស់ ក្តីរំពឹងរបស់អ្នកគាំទ្រប្រាកដជាខ្ពស់ជាងមុន។ តោខៀវ Chelsea នឹងបើកទំព័រការពារជើងឯក English Premier League របស់ខ្លួនទទួលស្វាគមន៍ Burnley នៅ Stamford Bridge៕
អត្ថបទ៖នាង សុភាវុធ