កីឡា​ការិនី​អាមេរិក Phyllis Francis ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍ World Athletic Championship

53
កីឡាការិនី Phyllis Francis

អត្តពលកម្ម៖ ថ្ងៃពុធម្សិលមិញនេះកីឡាការិនីអាមេរិក Phyllis Francis បានឈ្នះមេដាយមាសលើវិញ្ញាសារត់ ៤០០ម៉ែត្រទាំងមានអារម្មណ៍ភ័យអរៗ ក្រោយពីរូបនាងរត់តាមពីក្រោយគូរប្រជែងពេលជិតដល់ទីព្រ័ត្រចម្ងាយ ២០ម៉ែត្រ។

កីឡាករ Karsten Warholm
កីឡាករ Karsten Warholm

តាមពិតទៅកីឡាការិនីបាហាម៉ា Miller Uibo ជាអ្នករត់លឿនជាងគេក្នុងចំណោមគូរប្រជែងទាំងអស់ ប៉ុន្តែដោយសារការប្រើល្បឿនលឿននេះហើយទើបធ្វើឲ្យរូបនាងថយកម្លាំង និងបន្ថយល្បឿនបន្តិចដោយសារឈឺជើង ហើយទុកពេលឲ្យគូរប្រជែងឆក់ឱកាសយកជ័យជំនះក្នុងវិញ្ញាសា ៤០០ម៉ែត្រនេះ ខណៈមេដាយប្រាក់បានទៅលើកីឡាការិនីបារ៉ែន Salwa Eid Naser និងមេដាយសំរឹទ្ធបានទៅលើម្ចាស់ការពារតំណែងជើងឯកមកពីអាមេរិក Allyson Felix។ ចំណែកឯវិញ្ញាសារត់ ៤០០ម៉ែត្រឆ្លងកាត់ឧបសគ្គកីឡាករន័រវែស Karsten Warholm ត្រូវបានប្រកាសជាកីឡាករថ្មីក្នុងកំណត់ត្រាពិភពលោក ក្រោយពីដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសានេះ ដោយរត់មកដល់ទីព្រ័ត្រចម្ងាយ ៤០០ម៉ែត្រចំណាយពេល ៤៨.៣៥វិនាទី និងបានបំបាក់ជើងឯក European Champion កីឡាករ Yasmani Copello ដែលមកដល់ទីព្រ័ត្រចំណាយពេល ៤៨.៤៩វិនាទីទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករអាមេរិក Carron Clement មកដល់ទីព្រ័ត្រ ៤៨.៥២វិនាទី។

គួរបញ្ជាក់ថា នេះគឺជាជ័យជំនះលើកដំបូងសម្រាប់ Karsten Warholm និងសម្រាប់ប្រទេសន័រវែស រាប់តាំងពីឆ្នាំ១៩៨៧ ដែលអត្តពលិក Ingrid Kristiansen ដែលបានឈ្នះលើវិញ្ញាសារត់ ១០គីឡូម៉ែត្រនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី៕

អត្ថបទ៖ ឈិត រតនា