មន្ត្រី​ជាន់ខ្ពស់​ក្រសួងកសិកម្ម ៖ ​កសិករ​ចិញ្ចឹម​គោ​កុំ​មាន​ការ​ព្រួយបារម្ភ​ពី​ទីផ្សារ​លក់​សាច់​ !

87

តាកែវ ៖ មន្ត្រីក្រសួងកសិកម្ម បានប្រាប់ប្រជាកសិករដែលចិញ្ចឹមគោ សូមកុំមានការព្រួយបារម្ភពីបញ្ហាទីផ្សារលក់សាច់គោ ព្រោះបច្ចុប្បន្នតម្លៃសាច់គោមានតម្លៃខ្ពស់ ។ ដោយសារតែមានការខ្វះខាតសាច់ ទើបមានការនាំចូលសត្វគោពីក្រៅប្រទេស មកកាន់ទីផ្សារប្រទេសកម្ពុជា ។

ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងពិធីចាក់វ៉ាក់សាំងជំងឺអុតក្ដាម និងជំងឺសាទឹកដល់គោរបស់ប្រជាកសិករនៅក្នុងសង្កាត់បារាយ៍ ក្រុងដូនកែវ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧នេះ ។

ឯកឧត្តម បានបន្ដទៀតថា ក្រសួងកសិកម្មបានធ្វើការអប់រំ និងបានធ្វើការអំពាវនាវឲ្យប្រជាកសិករទាំងអស់ត្រូវកែប្រែឥរិយាបថ ពីការចិញ្ចឹមសត្វគោ ពាស វាលពាស កាល មកចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មវិញ។ ការចិញ្ចឹមសត្វគោលក្ខណៈពាណិជ្ជកម្មគឺទាល់តែប្រជាពលរដ្ឋត្រូវជ្រើសរើសចិញ្ចឹមពូជគោសាច់ ត្រូវអោយស៊ីស្មៅបានគ្រប់គ្រាន់តាមរយៈការដាំស្មៅ មានទ្រុងត្រឹមត្រូវ មិនត្រូវប្រលែងគោចោលផ្ដេសផ្ដាសនោះទេ។

ឯកឧត្តម កៅ ផល បានបន្តថា ម្យ៉ាងទៀតប្រជាកសិករត្រូវតែការពារជំងឺឈឺថ្កាត់ តាមរយៈការចាក់វ៉ាក់សាំងជំងឺអុតក្ដាម និងជំងឺសាទឹកដល់គោ ដើម្បីជៀសវាងកើតជំងឺបង្កអោយគោងាប់ នាំឲ្យខាតបង់ថវិកា។ ប្រសិនបើបងប្អូនកសិករអាចកែប្រែឥរិយាបថ មកចិញ្ចឹមគោមកជាលក្ខណៈពាណិជ្ជកម្មនោះ វានិងធ្វើអោយជីវភាពរបស់បងប្អូនកាន់ធូរធារថែមទៀតជាក់ជាពុំខាន។ ព្រោះតម្រូវទីផ្សារសាច់គោនៅក្នុងប្រទេសកម្ពុជា យើងកំពុងតែខ្វះខាត ដោយយើងបាននាំសាច់គោពីក្រៅប្រទេសចូលក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក។ ម្យ៉ាងទៀតយើងអាចនាំយកទៅលក់នៅក្រៅប្រទេសថែមទៀតផង៕

photo_2017-08-10_16-38-31 (2) photo_2017-08-10_16-38-30 (2) photo_2017-08-10_16-38-29 photo_2017-08-10_16-38-30 photo_2017-08-10_16-38-31 photo_2017-08-10_16-38-32