​​ឃាត​កម្ម​បាញ់​សម្លាប់​សង្សារ​​នៅផ្ទះ​សំណាក់ “​សារី​ធំ​” កាល​ពី​ឆ្នាំ​២០១៦ ​កម្លាំង​កងរាជអាវុធហត្ថ​​បំបែក​សំណុំរឿង​បាន​សម្រេច​​

194

ភ្នំពេញ៖ ឃាតករដែលបានបាញ់សម្លាប់សង្សារខ្លួនឯងផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានហើយ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។ ករណីឃាតកម្មនេះ ជារឿងរសើបមួយ នៅក្នុងសង្គម ហើយក៏ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថផងដែរ ព្រោះជនសង្ស័យនេះ បានបន្សល់នូវវត្ថុតាងមួយចំនួនដែលនាំឱ្យសាធារណជនយល់ច្រឡំថា ជនសង្ស័យនោះ ជាមន្ត្រីកងរាជអាវុធហត្ថ។

ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ក្រោយពីការប្រកាសរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ភ្លាមនោះ មានការគាំទ្រឧបត្ថម្ភផ្ដល់ថវិកា១៥លានរៀលបន្ថែមទៀត ពីសំណាក់ឯកឧត្ដមឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឈន សាណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តមឧត្ដមសេនីយ៍ទោ ជោគ ហួត នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកបន្តថា ការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងក្នុងនាមជាកូនចៅរបស់ប្រជាជន បម្រើប្រជាជន កងរាជអាវុធហត្ថ បានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ធ្វើការទាំងយប់ទាំងថ្ងៃ គឺជាលទ្ធផលសម្រេចបានស្នាដៃនិងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។

ជាក់ស្តែងការស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងក្តីឃាតកម្មខាងលើអស់រយៈពេលប្រមាណ៨ខែមកហើយ មន្ត្រីជំនាញយុត្តិធម៌នៃកងរាជអាវុធហត្ថ ក្នុងនោះ មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានសហការគ្នាធ្វើកិច្ចប្រតិបត្តិការឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ អុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលេខ២០៧ អ..ឋ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ ការចាប់ខ្លួនជននេះ ប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ១១និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យឈ្មោះ អុំ សុផា បានឆ្លើយសារភាព ពិតជាបានសម្លាប់សង្សាររបស់ខ្លួនមែន។ ជនសង្ស័យឈ្មោះ អុំ សុផា នេះត្រូវបានជនសង្ស័យ២នាក់ទៀតឆបោកនិងក្លែងឯកសារធ្វើជាកងរាជអាវុធហត្ថ ហើយខ្លួនគេបានទៅទិញឯកសណ្ឋានកងរាជអាវុធហត្ថនៅផ្សារទឹកថ្លាយកមកស្លៀកពាក់រហូត។

ជនសង្ស័យឈ្មោះ អុំ សុផា ដឹងថា ខ្លួនឯងពុំមានឈ្មោះនៅក្នុងកងរាជអាវុធហត្ថនៅពេលដែលខ្លួនគេមើលឃើញការបដិសេធរបស់កងរាជអាវុធហត្ថនៅក្នុងហ្វេសប៊ុក។ សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ដែលប្រព្រឹត្តបទល្មើសឆបោកនិងក្លែងឯកសារសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរួចហើយ។

ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ បានបង្ហាញច្បាស់ថា ជនសង្ស័យឈ្មោះ អុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសសង្ឃឹមថា សាធារណជននិងបងប្អូនទាំងអស់ នឹងជឿជាក់ទុកចិត្តមកលើកងរាជអាវុធហត្ថទ្វេដង ព្រមទាំងចូលរួមសហការផ្ដល់ព័ត៌មាននានា ដើម្បីរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គមជាតិយើងឱ្យកាន់តែល្អប្រសើរឡើង៕

photo_2016-01-27_13-10-5700493