ជប៉ុន​៖ ​ខ្លួន​នឹង​បន្ត​ការងារ​ជាមួយ​អាមេរិក​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​កូរ៉េខាងជើង​

49

ជប៉ុន៖ ប្រធានគណៈរដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហាយ ស៊ូហ្គា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងតូក្យូនឹងបន្តសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីចាត់វិធានការដ៏ជាក់លាក់មួយក្នុងការពង្រឹងប្រព័ន្ធការពាររបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងមីស៊ីលពីប្រទេសកូរ៉េខាងជើង។

លោក ស៊ូហ្គា បាននិយាយថា អំណាចដ៏ខ្លាំងក្លានៃសម្ព័ន្ធមិត្តអាមេរិក-ជប៉ុនប្រឆាំងនឹងកូរ៉េខាងជើង នឹងត្រូវពិភាក្សានៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ អំឡុងជំនួប២បូក២របស់ប្រទេសទាំងពីរ ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ និងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក រ៉េក ធីលឺសុន នៅក្នុងទីក្រុងវ៉ាស៊ីងតោន។ កាលពីថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងបានច្រានចោល ការព្រមានដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ថា ពួកគេនឹងប្រឈមនឹងការវាយប្រហារ និងការចងអាឃាត បើសិនជាពួកគេគំរាមកំហែងដល់អាមេរិកនោះ ហើយពួកគេបានចាត់វាថាវាជា “រឿងមិនពិត” ហើយពួកគេថែមទាំងផ្ដល់ផែនការលំអិត សម្រាប់ការវាយប្រហារដោយមីស៊ីលលើកោះ Guam ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់អាមេរិកទៀតផង។

លោក ស៊ូហ្គា បាននិយាយថា រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនរួចរាល់ ក្នុងការជម្លៀសពលរដ្ឋរបស់ខ្លួនចេញ ក្នុងករណីដែលមានការវាយប្រហារមកលើទឹកដីបរទេស ឬកោះ Guam ដែលជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជប៉ុន៕
អត្ថបទ៖ សារ៉ាត់