ក្រុម​ឃ្លាំមើល​សង្គ្រាម​៖​ មី​ស៊ី​ល ​២៧​គ្រាប់​បាន​ធ្លា​ក់​លើ​តំបន់​ជាយ​រដ្ឋធានី​ដា​ម៉ាស​ប្រទេស​ស៊ី​រី

263

ស៊ីរី៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សសម្រាប់ប្រទេសស៊ីរី មានមូលដ្ឋានក្នុងចក្រភពអង់គ្លេសអះអាងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានដាក់គោលដៅលើស្រុកនានាគ្រប់គ្រងដោយក្រុមឧទ្ទាម រហូតដល់ភាគខាងកើតរដ្ឋធានីដាម៉ាសកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ម្សិលមិញ។

Syria

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សខាងលើបន្តថា មីស៊ីល ២៧គ្រាប់បានធ្លាក់ចំលើស្រុកអេនតាម៉ា និងស្រុកចូបា។ ប្រភពដដែលបន្ថែមថា ហេតុការណ៍នេះមិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ។ វីដេអូដែលគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមបង្ហាញពីការវាយប្រហារ ដោយមីស៊ីលទៅលើស្រុកអេនតាម៉ាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងការបាញ់ផ្លោងគ្រាប់កាំភ្លើងធំធ្លាក់លើស្រុក Kafr Batna ដែលនៅក្បែរខាងស្រុកទាំង២ ខាងលើកាលពីថ្ងៃពុធ។

អ្នកនាំពាក្យក្រុមឧទ្ទាមនិយាយថា ក្រុមឧទ្ទាមស៊ីរីកំពុងត្រៀមសម្រាប់ការវាយប្រហារថ្មើរជើង កាន់តែជិតចូលមកដល់ដែលធ្វើឡើងដោយទាហានរដ្ឋាភិបាល មកលើតំបន់ចុងក្រោយដែលពួកគេបានកាន់កាប់ក្នុងរដ្ឋធានីដាម៉ាស បន្ទាប់ពីការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃអង្គារទី៨ សីហាសប្ដាហ៍នេះ៕

អត្ថបទ៖ សុខមាន