Liverpool បដិសេធ​សំណើ​ទី​ពីរ​របស់ Barcelona ដែល​ចង់​បាន Coutinho

170

បាល់ទាត់៖ ក្លឹបហង្សក្រហម Liverpool បានបដិសេធសំណើទីពីររបស់ Barcelona ១០០លានអឺរ៉ូស្មើនឹង ១១៧លានដុល្លារអាមេរិកសំរាប់កីឡាករប្រេស៊ីល Philippe Coutinho នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាករអង់គ្លេស និងអេស្ប៉ាញ។

Barcelona កំពុងព្យាយាមចែចង់កីឡាករនាំលេងសញ្ជាតិប្រេស៊ីលរូបនេះដែល Liverpool ទិញពី Inter Milan ៨.៥លានផោនកាលពីឆ្នាំ២០១៣ ខណៈសំណើទីមួយ ៨០លានអឺរ៉ូត្រូវបានបដិសេធម្ដងរួចមកហើយ។ ជើងឯកអេស្ប៉ាញ ២៤សម័យបានបង្កើនតំលៃ ៨៥លានអឺរ៉ូបូកនឹង ១៥លានផ្សេងទៀតតែត្រូវបានបដិសេធទៀត ខណៈ Liverpool រក្សាជំហរថា Coutinho មិនមែនសំរាប់លក់។ ថ្មីៗនេះលោក Jurgen Klopp ធ្លាប់បានលើកឡើងហើយថា កីឡាករវ័យ ២៥ឆ្នាំដែលជាសមាជិកសំខាន់ នៃជោគជ័យរដូវកាលមុនមិនស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លឹបឡើយ ខណៈក្លឹបមានគោលដៅពង្រឹងបន្ថែមទៀត។

Barcelona កំពុងស្វែងរកកីឡាករមកជំនួសតំណែង Neymar ដែលចាកចេញទៅ PSG ក្នុងតំលៃបំបែក កំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ខណៈ Coutinho ជាបេក្ខភាពមុខគេ រួមជាមួយកីឡាកររបស់ Dortmund, Ousmane Dembele។ សារព័ត៌មាននៅអេស្ប៉ាញបានចុះផ្សាយថា ការចរចារវាង Barcelona និង Liverpool ខិតជិតចំណុចប្រសព្វហើយ តែផ្ទុយស្រលះសារព័ត៌មាននៅអង់គ្លេសចុះផ្សាយថាមិនបាន និងគ្មានគម្រោងចរចាអនាគតរបស់ Coutinho ជាមួយ Barcelona ឡើយ៕
អត្ថបទ៖នាង សុភាវុធ