Dortmund ព្យួរ​ជើង Ousmane Dembele ក្រោយ​មិន​ចូលរួម​ហ្វឹកហាត់

177

បាល់ទាត់៖ ក្លឹបអាល្លឺម៉ង់ Borussia Dortmund បានសំរេចព្យួរជើងខ្សែប្រយុទ្ធ Ousmane Dembele ១សប្ដាហ៍ បន្ទាប់ពីកីឡាករបារាំងរូបនេះអវត្តមានពីការហ្វឹកហាត់ ស្របពេលដែលក្លឹបទើបបដិសេធសំណើរបស់ Barcelona។

កីឡាករវ័យ ២០ឆ្នាំរូបនេះក្លាយជាបេក្ខភាពមួយរូបជំនួសតំណែង Neymar ដែលចាកចេញពី Barcelona ទៅ PSG ក្នុងតំលៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។ សារព័ត៌មានកីឡាអាល្លឺម៉ង់បានចុះផ្សាយថា Dembele អាចនឹងផ្លាស់ទៅ Barcelona ក្នុងតំលៃលើស ១០០លានអឺរ៉ូ តែភាគី Dortmund ទើបបានបញ្ជាក់កាលពីថ្ងៃអង្គារថា សំណើរបស់ Barcelona មិនទាន់គ្រប់គ្រាន់នៅឡើយ។ រំលឹកថា Dembele ចូលរួមជាមួយ Dortmund រដូវកាលមុនជាមួយនឹងកិច្ចសន្យា ៥ឆ្នាំផ្ទេរពីក្លឹបបារាំង Rennes។

ថ្វីបើលក់ Neymar ចេញចំណេញច្រើនតែ Barcelona នៅពេលនេះកំពុងមានកង្វះខាតតំណែងដែលខ្វះចន្លោះ ខណៈការស្វះស្វែងរកអ្នកថ្មីមកជំនួសសុទ្ធតែត្រូវបានបដិសេធ ទោះបីសំណើឡើងជាង ១០០លានអឺរ៉ូក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ