អាជ្ញាធរ​ទួរគី​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​​​​រដ្ឋ​អ៊ីស្លាម​ម្នាក់ ក្រោយ​​​​​​រៀប​ផែន​ការ​វាយប្រហារ​យន្តហោះ​​​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​​អ៊ីនស៊ឺលីក​​​​​​

53

ទួរគី៖ ទីភ្នាក់ងារសារព័ត៌មានដូហ្កានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរទួរគីបានឃុំខ្លួនជនសង្ស័យសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមានដើមកំណើតរុស្ស៊ី ក្រោយពេលដែលរូបគេមានផែនការបំផ្លាញយន្តហោះសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអ៊ីនស៊ឺលីក។

មន្ត្រីផ្នែកសន្តិសុខនៃទីភ្នាក់ងារដូហ្កានបន្តថា ជនជាតិរុស្ស៊ីនេះឈ្មោះ រឺណាត បាគីវ ត្រូវគេឃុំខ្លួនក្រោយការអង្កេតរបស់នគរបាលបង្ហាញថា រូបគេបានឈ្លបយកការណ៍នៅភាគខាងត្បូងទីក្រុងអាដាណា ដែលនៅទីនោះមានមូលដ្ឋានទ័ពអាកាស ដោយគេមានគោលបំណងផ្ដើមវាយប្រហារទៅលើទីតាំងនោះ។ បាគីវ បានប្រាប់អាជ្ញាធរថាខ្លួនជាសមាជិកម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម និងបានរៀបចំគម្រោងប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារទម្លាក់យន្តហោះអាមេរិក និងប្រតិបត្តិការវាយប្រហារប្រឆាំងជនជាតិអាមេរិក នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានដួហ្កាន៕

អត្ថបទ៖ រិទ្ធី