កីឡាករ​ទួរគី Ramil Guliyev​ ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​ World Championship

67

អត្តពលកម្ម៖ ជារឿងថ្មីមួយទៀតសម្រាប់អត្តពលិកទួរគី Ramil Guliyev ដែលបានឈ្នះមេដាយមាសលើវិញ្ញាសារត់ ២០០ម៉ែត្រ ក្រោយពីរូបគេបានប្រជែងគូរប្រកួតសុទ្ធតែជាកីឡាករខ្លាំងៗ ដូចជាអត្តពលិកពីអាហ្វ្រិកខាងត្បូងVan Niekerk និងអត្តពលិកទ្រីនីដាដ Jareem Rechards ក្នុងព្រឹត្តិការណ៍ World Athletic ទីក្រុងឡុងដ៏ចក្រភពអង់គ្លេសថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការប្រកួតពិតជាស្វិតស្វាញដោយសារពួកគេទាំង ៣រូបបានប្រជែងគ្នាតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ដោយ Ramil Guliyev បានមកដល់មុនក្នុងវេលា ២០.០៩វិនាទី ដើម្បីឈ្នះមេដាយមាស ខណៈមេដាយប្រាក់បានទៅលើ Van Niekerk និងមេដាយសំរឹទ្ធបានទៅលើ Jareem Rechard។ រំលឹកថា Guliyev កាលពីមុនគឺជាអត្តពលិកតំណាងឲ្យប្រទេសអាហ្សេបៃហ្សង់ ហើយបានចូលសញ្ជាតិទួរគីកាលពីឆ្នាំ២០១១ កន្លងទៅ រូបគេធ្លាប់បានជាប់បម្រាមមិនឲ្យពាក់ព័ន្ធការប្រកួតរយៈពេល ៣ឆ្នាំក្រោយពីបានរកឃើញថា បានលួចប្រើប្រាស់សារធាតុហាមឃាត់ ដែលធ្វើឲ្យអត្តពលិកទួរគីរូបនេះខកខានឱកាស ចូលរួមប្រកួតកីឡាអត្តពលិកម្មជាច្រើនលើក។ ទើបតែឆ្នាំ២០១៧ នៅ World Athletic Championship នេះទេ ដែលរូបគេដណ្ដើមបានមេដាយមាស និងសាងកំណត់ត្រាថ្មីក្នុងអាជីពជាអត្តពលិក៕

អត្ថបទ៖ ឈិត រតនា