ប្រមុខ​ការទូត​កម្ពុជា ​៖ អាស៊ាន​ចង់បាន​តំបន់ ​ដែល​មាន​សុវត្ថិភាព​សម្រាប់​ប្រជាជន

48

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងហសប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា អាស៊ានចង់បានតំបន់ដែលមានសុវត្ថិភាព ជាកន្លែងដែលប្រជាជនជាង៥០០លាន់នាក់ អាចរស់នៅដោយមិនមានការភ័យខ្លាច។

បន្ទាប់ពីពិធីបង្ហូតទង់ជាតិ អាស៊ានអបអរខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន (ថ្ងៃទី១ សីហា ឆ្នាំ១៩៦៧១សីហា ឆ្នាំ២០១៧) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា អាស៊ានបន្តចង់បានសហគមន៍ដែលមានភាពរឹងមាំផ្នែកនយោបាយ សមាហរណកម្មសេដ្ឋកិច្ច និងសង្គមដែលមានការទទួលខុសត្រូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជានឹងបន្តរួមដៃគ្នាជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការប្រឹងប្រែងរួមគ្នាដើម្បីពង្រឹង សហគមន៍ ដែលមានសមាហរណកម្មស៊ីជម្រៅ។ឯកឧត្តម ប្រាក់ សុខុន មានជំនឿជាក់យ៉ាងមុតមាំថា ជាមួយកិច្ចប្រឹងប្រែងរបស់អាស៊ាន និងការគាំទ្រពីមិត្ត និងដៃគូនានារបស់អាស៊ាន ដំណើរនាពេលអនាគតរួមគ្នានឹងសម្រេចបាននូវសន្តិភាព និងវិបុលភាពដែលមនុស្សគ្រប់រូបទទួលបាន។

បច្ចុប្បន្ននេះ អាស៊ានមានដៃគូសន្ទនាចំនួន១០ ភាគីដែលភ្ជាប់ខ្លួនទៅ នឹងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ មានចំនួន៣៥ និងមានឯកអគ្គរាជទូត/រដ្ឋទូតចំនួន៨៧ ដែលបានផ្តល់សារតាំងដល់ក្រុមតំបន់នេះ។ ចំណាប់អារម្មណ៍ពីប្រទេសនៅក្រៅតំបន់ និងអង្គការតំបន់ផ្សេងទៀតនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តកើនឡើង ដែលជាសក្ខីកម្មជាក់ច្បាស់ពីការជឿជាក់របស់គេចំពោះតំបន់ដ៏គួរឲ្យកត់សំគាល់នេះ និងអារម្មណ៍ចង់បានជាខ្លាំងចំពោះជោគជ័យរបស់អាស៊ានទាំងមូល៕

prak sokun4 prak sokun3 prak sokun1 prak sokun prak sokun2