ក្រសួង​ការងារ​ត្រូវ​ជ្រើសរើស​មន្ត្រី​បន្ថែមចំនួន​តែ​ជិត​៣០​រូប​នៅ​ឆ្នាំនេះ

313

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះក្រសួង នឹងធ្វើការជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារមានចំនួនតែ២៨រូបប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦កន្លងទៅ ក្រសួងបានជ្រើសរើសមន្ត្រីរហូតដល់ចំនួន១០៥រូប។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយបើកវិញ្ញាសាប្រឡងជូនដល់បេក្ខជនចូលរួមជាង១.៧០០នាក់ ឯកឧត្តម ចាប រិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើង បន្តថា គោលបំណង ដែលក្រសួងរៀបចំឲ្យមានការប្រឡងជ្រើសរើសនេះ គឺក្រសួងចង់បានមន្ត្រីរាជការមានគុណសម្បត្តិគ្រប់គ្រាន់ រួមមានទាំងសមត្ថភាព ក៏ដូចអត្តចរិតជាដើម ដើម្បីបម្រើជាតិ និងមាតុភូមិឲ្យមានការរីកចម្រើន ហើយក្នុងចំណោមមន្ត្រីរាជការចំនួន២៨រូប ក្នុងនោះចំនួន០៦រូប នឹងធ្វើការនៅស្នាក់ការកណ្តាលរបស់ក្រសួង(ថ្នាក់ជាតិ) និងចំនួន២២រូបផ្សេងទៀតនៅថ្នាក់ក្រោមជាតិតាមបណ្តាខេត្ត។

តំណាងក្រសួងមុខងារសាធារណៈ លោក ស៊ុក សុវណ្ណដា បានបញ្ជាក់បន្ថែមថា តាមច្បាប់ដែលបានកំណត់ក្នុងលក្ខន្តិកៈ មន្ត្រីរាជការសង្គមស៊ីវិល ក្រសួងមុខងារសាធារណៈគឺមានតួនាទីចូលរួមគ្រប់ដំណាក់កាល តាំងពីដំណាក់កាលដំបូងរហូតដល់ចេញលទ្ធផល ដូចជា ការចេញសេចក្តីជូនដំណឹង, ចេញវិញ្ញាសារ , ពេលកែវិញ្ញាសារ និងស្រង់ពិន្ទុ និងសម្រេចឲ្យមន្ត្រីរូបណាជាប់ ឬ ធ្លាក់។

យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីរាជការ និងសិស្សនិស្សិតឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០១៧នេះ បានឲ្យដឹងថាក្រសួង ត្រូវការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌប្រភេទ”ក”ចំនួន២៨កន្លែង ដោយបែងចែកទៅតាមអង្គភាពរាជធានីខេត្ត។ ដោយឡែកកម្រិតសញ្ញាប័ត្រ និងលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, សញ្ញាប័ត្រយ៉ាងទាបបំផុតត្រឹមកម្រិតបរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូល និងបេក្ខជនដែលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូលត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ។ល៕

rithy2 rithy1