ការ​ជួសជុល​ផ្សារ​ទំនើប​សុរិយា ​តម្លៃ​៥​លាន​ដុល្លារ​ បានបញ្ចប់

588

ភ្នំពេញ ៖ ផ្សារទំនើបសូរិយា ដែលបានចំណាយទឹកប្រាក់ប្រមាណ៥លានដុល្លារ បានបញ្ចប់ការជួសជុលហើយ និងត្រៀមបើកសម្ពោធ ជាផ្លូវការ នៅខែតុលា ឬ នៅចុងឆ្នាំនេះ។

លោក ហាប់ រិទ្ធី នាយកគ្រប់គ្រងទូទៅ នៃផ្សារទំនើបសូរិយា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ សីហានេះថា ការជួសជុលផ្សារទំនើបដែលចំណាយប្រាក់ជាង៥លានដុល្លារនេះ បានបញ្ចប់ជាស្ថាពរហើយ និងគ្រោងបើកសម្ពោធ នៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ការជួសជុលនេះ បានធ្វើឲ្យផ្សារទំនើបដំបូងគេនៅរាជធានីភ្នំពេញនេះ ទាក់ទាញនូវភោជនីយដ្ឋាន និងផលិតផលថ្មីៗ ដែលមានភាពល្បីល្បាញជាច្រើន ដើម្បីលក់នៅក្នុងផ្សារទំនើបនេះ។

បន្ទាប់ពីជួសជុល ផ្សារទំនើបនេះ ក៏បានរៀបចំប្រព័ន្ធលក់ថ្មី និងដាក់តម្លៃទំនិញជាក់លាក់ ដោយមិនកាត់តម្លៃតាមការនឹកឃើញរបស់អាជីវករទៀតទេ ពោលគឺផ្សារនេះ នឹងរៀបចំជាស្តង់ដារ អន្តរជាតិមួយ។

លោក ហាប់ រិទ្ធី បានបន្តថា “រហូតមកទល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានថា ផ្សារទំនើបនេះទាក់ទាញអតិថិជនច្រើនជាងមុន ឬអត់ទេ ប៉ុន្តែយើងរំពឹងថា វានឹងទាក់ទាញអតិថិជនច្រើនជាងមុន”។

លោក ឆារស៍ វ៉ាន់ តំណាងអ្នកវិនិយោគផ្សារទំនើបនេះ បានមានប្រសាសន៍ថា ផ្សារទំនើបនេះបាននឹងកំពុងរៀបចំប្រព័ន្ធ នៃការលក់ ការរចនា និងការរៀបចំទំនិញតាមស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុកផង និងទាក់ទាញភ្ញៀវ ទេសចរ ផង ព្រោះតំបន់នេះ ជាតំបន់ដែលមានភ្ញៀវទេសចរណ៍ចេញចូលច្រើន។

លោក បន្តថា “ការជួសជុលនេះ មិនមានការកែប្រែលើទម្រង់អាគាររបស់ផ្សារនោះទេ ប៉ុន្តែជាការកែប្លង់មួយចំនួននៅក្នុងផ្សារ និងរៀបចំប្រព័ន្ធ លក់ឡើងវិញ ពិសេសមានការដាក់ផលិតផលគ្រឿងអនុស្សាវរីយ៍ថ្មីៗ ដើម្បីធ្វើឲ្យផ្សារនេះកាន់តែមានទំនិញសម្បូរ បែប និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ”៕