រដ្ឋាភិបាល​ជំរុញ​ឱ្យ​កសិករ​និង​សមាគម​ម្រេច​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​

131

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មមានទិសដៅប្រែក្លាយកសិករ និងសមាគមម្រេចឲ្យចេះធ្វើពាណិជ្ជកម្មប្រកបដោយលក្ខណៈវិជ្ជាជីវៈ និងជំនាញ ដើម្បីជំរុញឲ្យវិស័យម្រេចមានភាពរឹងមាំ ក៏ដូចជាបង្កើនគុណតម្លៃ និងនិរន្តរភាពនៃផលិតកម្មម្រេច។

ថ្លែងក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើពាណិជ្ជកម្មលើវិស័យម្រេចកម្ពុជា និងការកសាងទំនុកចិត្តលើផលិតកម្មម្រេចប្រកបដោយចិរភាព រវាងសមាគមម្រេចអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្រសួងបានរៀបចំជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីជួយកសិករ និងសមាគមអ្នកដាំម្រេចចេះធ្វើពាណិជ្ជកម្មដំណាំម្រេច តាមរយៈការពង្រឹងរចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ម្រេច និងរៀបចំបង្កើតសមាគមម្រេចនៅក្នុងស្រុក ខេត្តគោលដៅផលិតម្រេច ដើម្បីជាសេណារីយ៉ូ ប្រទាក់ក្រឡាមួយ ក្នុងការទទួលបាននូវព័ត៌មាន និងសេវាផ្សេងៗពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ និងរៀបចំបង្កើត Task Force ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីរៀបចំយន្តការធ្វើឲ្យប្រសើរឡើងនូវគុណតម្លៃម្រេច និងនិរន្តរភាពនៃផលិតកម្មម្រេចនៅកម្ពុជា។ល។

លោកស្រី ហ័ង ធីលិញ (Hoang ThiLein) នាយកប្រតិបត្តិសហគមន៍ម្រេចអន្តរជាតិ បានលើកឡើងថា ជាមួយនឹងការគាំទ្រពីសសហគមន៍ម្រេចអន្តរជាតិ កម្ពុជាគឺអាចចែករំលែក និងមានឱកាសក្នុងការសិក្សាស្វែងយល់ពីអ្នកជំនាញ និងបទពិសោធន៍ក្នុងការអភិវឌ្ឍនៅឧស្សាហកម្មម្រេចនេះ។

ផលិតផលម្រេចនេះ គឺនាំមកនូវផលប្រយោជន៍ដល់សហគមន៍ទាំងមូលផងដែរ។ លោកស្រីបន្តថា សម្រាប់គោលបំណងរបស់សិក្ខាសាលាពេលនេះ គឺផ្តល់ព័ត៌មានដ៏សំខាន់លើអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារអន្តរជាតិ។

លោកស្រីបន្តថា ដល់ពេលវេលាហើយសម្រាប់កម្ពុជា ក្នុងការចាត់វិធានការណ៍ជាថ្មីបន្តទៀត ហើយសហគមន៍មម្រេចអន្តរជាតិ ក៏ប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការនាំយកផលប្រយោជន៍សមស្របដល់សហគមន៍កសិករកម្ពុជា ដើម្បីសម្រេចជោគជ័យនៃពាណិជ្ជកម្មនេះ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្នឆ្នាំ២០១៧ ដំណាំម្រេច បានពង្រីកការដាំដុះលើខេត្តចំនួន១៩ ចាប់ពីតំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ៦,៦៧៨ហិចតា និងផ្តល់ទិន្នផល ប្រមាណជាង២០,០៥០តោន ដែលគិតត្រឹមខែឧសភា ឆ្នាំ២០១៧៕