កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ការឧបត្ថម្ភ​បន្ថែម​ពី​ឧកញ៉ា​ស្រី ចាន់ថន ចេញទៅ​ស៊ី​ហ្គេម​

78

ភ្នំពេញ៖ ដោយកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរនឹងត្រូវចេញទៅប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនៅពេលដ៏ខ្លីខាងមុននេះ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំពិធីជួបជុំពិសាអាហារសាមគ្គីមួយ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករទាំង ៥រូបនេះ និងផ្ដល់មតិយោបល់មួយចំនួន ដើម្បីជាការត្រៀមចេញទៅផងដែរ។

ក្រោយពិធីជួបជុំ និងពិសាអាហារនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភជាថវិកាដល់កីឡាករទាំង ០៥នាក់ ក្នុងម្នាក់ៗចំនួន ៥០០$ និងផ្តលជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ១០០០$ ផងដែរ ដើម្បីប្រើប្រាស់បន្ថែមអំឡុងពេលនៅស៊ីហ្គេមនេះ។ ក្រៅពីថវិកាក៏មានសំលៀកបំពាក់ និងស្បែកជើងមួយឈុត ហើយ ឧកញ៉ា ស្រី ចាន់ថន បានសន្យាថា និងឧបត្ថម្ភនូវរថយន្តថ្មី ប្រភេទ១២កៅអី១គ្រឿងដល់សហព័ន្ធ ដើម្បីជួយសម្រួលដល់កីឡាករជម្រើសជាតិក្នុងការធ្វើដំណើរពេលហ្វឹកហាត់ និងប្រកួតម្តងៗ។

ក្នុងពិធីជួបជុំ និងសំណេះសំណាលជាមួយ ប្រតិភូដឹកនាំ និងកីឡាករប្រដាល់ជម្រើសជាតិគុនខ្មែរទាំង៥រូប កាលនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ លោកឧកញ៉ា ស្រី ចាន់ថន បាននិយាយផ្ដាំផ្ញើដល់កីឡាករទាំងអស់ ឲ្យចេះថែរក្សាសុខភាព និងខំប្រឹងប្រែងប្រកួត ហើយត្រូវអនុវត្តន៍តាមច្បាប់ក៏ដូចជាគោលការណ៍ដែលគេបានចែងនៅពេលប្រកួត និងរក្សាកិត្តិយសឲ្យបានល្អ ព្រោះទៅនេះ គឺប្រកួតតំណាងឲ្យប្រទេសជាតិ។

គូរបញ្ជាក់ដែរថា ចំពោះពិធីជួបជុំ និងសំណេះសំណាលនេះមានការចូលរួមពីលោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន Skyland និងជាអនុប្រធានកិត្តិយសសហព័ន្ធប្រដាល់គុនខ្មែរ និងឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ រួមនិងគ្រូបង្វឹកជម្រើសជាតិ កីឡាករ ម៉ឺន សុភា មឿន សុខហ៊ុច ឃីម ឌីម៉ា ឡៅ ចិត្រា និង វ៉ាន់ វឿន៕