៧ខែឆ្នាំនេះ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ ​បាន​ជាង​១២៨៦​លាន​ដុល្លារ​

  143

  ភ្នំពេញ ៖ គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង៥,១៤៥លានរៀល ត្រូវនឹង១,២៨៦លានដុល្លារអាមេរិក ស្មើជាង៧៥% នៃអត្រាកំណើនសម្រាប់ឆ្នាំ២០១៧។

  ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃនាយកដ្ឋានពន្ធដារបានលើកឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធប្រចាំខែ កក្កដា និងរយៈពេល៧ខែ ឆ្នាំ២០១៧ នេះថា ដោយមានការខិតខំ ប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅក្នុងការប្រមូលចំណូលពន្ធ ជាលទ្ធផលសម្រាប់ខែកក្កដា ឆ្នាំ២០១៧នេះ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន៥០៣ពាន់លានរៀល ស្មើនិងប្រមាណជាង១២៨លានដុល្លារអាមេរិក ប៉ុន្តែបើគិត រយៈពេល៧ខែ ឆ្នាំ២០១៧ ចំណូលពន្ធអាករដែលប្រមូលបាន មានចំនួន ជាង៥,១៤៥លានរៀល ស្មើប្រមាណជាង១,២៨៦លានដុល្លារអាមេរិក ស្មើនឹងកំណើន៣៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើនឹងកំណើន៧៥% នៃផែនការកំណត់ ។

  ឯកឧត្តម បន្តឲ្យដឹងថា ទាក់ទិននឹងការប្រមូលពន្ធ នៅក្នុងរយៈពេល៧ ខែ ឆ្នាំនេះដែរ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ការប្រមូលពន្ធសម្រេចបានកំណើនប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទ ពន្ធអាករសំខាន់ៗ មានដូចជា ពន្ធលើប្រាក់ចំណូលកើនឡើងជាង៣១% អាករលើតម្លៃបន្ថែមកើនឡើងជាង៣៨% ខណៈដែលអាករពិសេសកើនឡើងជាង១០% និងពន្ធលើប្រាក់បៀវត្ស ក៏មានការកើនឡើងចំនួនជាង៤%ផងដែរ។

  ជាមួយ នឹងលទ្ធផលដ៏ល្អនេះ និងដើម្បីជំរុញការប្រមូលពន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម គង់ វិបុល ក៏បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់ អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្ដែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕

  btvnews(01-03-2016(1)) bopia(26-05-2017(7))