ដំរី​ចិញ្ចឹម​​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ​ខេត្តមណ្ឌលគិរី ​អាច​នឹង​ប្រឈម​​ការ​ផុត​ពូជ​ ដោយសារ​ជំនឿ​យ៉ាង​តឹងរ៉ឹង​របស់​ជន​ជាតិ​ដើម​ព្នង

116

មណ្ឌលគិរី ៖ សត្វដំរីចិញ្ចឹមដែលបម្រើដល់វិស័យទេសចរណ៍ និងការប្រកបរបររបស់ជនជាតិដើមភាគតិចក្នុងខេត្ត មណ្ឌលគិរី អាចនឹងប្រឈមទៅរកការផុតពូជដោយសារតែជំនឿយ៉ាងតឹងរ៉ឹងរបស់ជនជាតិដើមព្នង ។

វប្បធម៌របស់ជនជាតិព្នងទាក់ទិនទៅ នឹងសត្វដំរីនោះ គឺមិនឱ្យសត្វដំរីញីមានកូនដោយមិនទាន់រៀបការនោះទេ ពោលគឺត្រូវ រៀបការឲ្យវា ។ ចំណែកពិធីរៀបការនោះអាចធ្វើធំជាងពិធីរៀបការរបស់មនុស្សទៅទៀត ។ ហើយទោះបីជាថ្មីៗនេះ មានករណីដំរីរបស់ជនជាតិព្នង បានចុះប្រេងជាន់សម្លាប់ម្ចាស់ក៏ដោយនោះ ប៉ុន្តែជនជាតិព្នង នៅតែរក្សាប្រពៃណីមិន ឲ្យសត្វដំរីរួមភេទ មុនរៀបការដាច់ខាត ។

ជនជាតិដើមភាគតិចព្នង បានឲ្យដឹងថា ប្រសិនបើចង់ឲ្យដំរីមានកូន លុះត្រាតែបានរៀបចំពិធីសែនព្រេនឲ្យវា ក៏ដូចជារៀបចំពិធីជប់លៀងដ៏ធំមួយនៅក្នុងភូមិស្រុក ទើបអាចឱ្យវាមានកូនបាន ព្រោះមានជំនឿថា បើដំរីណាមួយដោយ ញីឈ្មោល ដោយចៃដន្យ ឬប្រការណាមួយ មិនបានរៀបចំពិធីការឲ្យវានោះ នឹងមានគ្រោះអាក្រក់ចង្រៃដល់អ្នកស្រុក មិនខាន ។ ហើយពិធីរៀបការ ឬសែនជូនសត្វដំរី តម្រូវឲ្យកាប់គោ ក្របី ជ្រូក មាន់ ទា រួមមាន ទាំងស្រាពាងជាច្រើនទៀតផង ដើម្បីទទួលភ្ញៀវ ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដំរីកំពុងស្ថិតក្នុងដំណាក់កាលពពោះរយៈពេលជាងពីរឆ្នាំ គឺពួកគេមិនអាចយកដំរីនោះទៅប្រើប្រាស់បានទេ ។

ជនជាតិដើមភាគតិចព្នង បានឲ្យដឹងទៀតថា អ្នកដែលមានដំរីឈ្មោល ប្រសិនបើមានការធ្វេសប្រហែសធ្វើឲ្យដំរីរបស់ខ្លួនទៅពាក់ដំរីញីរបស់គេនោះ នឹងត្រូវម្ចាស់ដំរីញីលក់ (តម្រូវឲ្យរៀបចំពិធីការឲ្យដំរីនោះ) ប្រសិនបើអ្នកនោះមិនព្រមធ្វើតាមប្រពៃណីទេនោះ អ្នកស្រុកប្រាកដជាដេញម្ចាស់ដំរីនោះ ចេញពីស្រុកភូមិជាក់ជាមិនខាន ។

ពាក់ព័ន្ធ និងបញ្ហានេះ នាយកអង្គការសត្វដំរីខេត្តមណ្ឌលគិរី លោក ឃុន ឌីយ៉ូន បានឲ្យដឹងនៅថ្ងៃទី១១ សីហា នេះថា មន្ត្រីរបស់អង្គ ការធ្លាប់បានទៅបញ្ចុះបញ្ចូលឲ្យបងប្អូនជនជាតិដើមភាគតិចព្នងលះបង់ប្រពៃណីមួយនេះដែរ ថែមទាំងបើកវគ្គសិក្ខា សាលាពន្យល់ពួកគេទៀតផង ប៉ុន្តែពួកគេមិនព្រមដាច់ខាត ហើយអង្គការសត្វដំរី ខេត្តមណ្ឌលគិរី បានរៀបកញ្ចប់មូលនិធិសម្រាប់រៀបការឲ្យសត្វដំរីរបស់បងប្អូនជនជាតិដើមភាគតិចព្នងទៀតផង ប៉ុន្តែពុំទាន់មានលទ្ធផលឡើយ ដោយសារតែសត្វដំរីមិនមែនចេះតែបន្តពូជនោះទេ គឺទាល់តែដំរីទាំងពីរនោះស្រលាញ់ គ្នា ទើបវាព្រមបន្តពូជ ។ ហើយប្រសិនបើមានករណីសត្វដំរីរបស់ជនជាតិព្នង រួមភេទគ្នាដោយមិនទាន់រៀបការ និងលៀសលាងតាមប្រពៃណី ក៏អង្គការនិងរ៉ាប់រងលើការចំណាយផងដែរ ប៉ុន្តែករណីនេះ នៅពុំមាននោះទេ ព្រោះតែដំរីរបស់បងប្អូនជនជាតិព្នង គឺគេដាក់ឲ្យរស់នៅដាច់ពីគ្នា រវាងដំរីញី និងដំរីឈ្មោល ។

លោកនាយកអង្គការសត្វដំរីខេត្តមណ្ឌលគិរី បានឲ្យដឹងទៀត លោកក៏មានការព្រួយបារម្ភដែរជុំវិញការដាច់ពូជ ដំរីស្រុកក្នុងខេត្តមណ្ឌលគិរីនេះ ហើយអង្គការសត្វដំរីក៏បាន នឹងកំពុងស្វែងរកទិញដំរីឈ្មោលស្ទាវ មកបង្កាត់ពូជជាមួយ សត្វដំរីញីរបស់អង្គការ ក្នុងព្រៃអភិរក្សនៅខេត្តមណ្ឌលគិរីផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ងិន សុវិមាន បានថ្លែងដែរថា ជារៀងរាល់ថ្ងៃមានអ្នកទេសចរអន្តរជាតិជាច្រើនក្រុមធ្វើដំណើរមកខេត្តមណ្ឌលគិរី ក្នុងគោលបំណងចម្បង ដើម្បីទស្សនាសត្វដំរី និងជីវភាពរស់នៅរបស់ជនជាតិភាគតិចព្នង ហើយពួកគេចូលចិត្តផ្តល់ចំណី និងមុជទឹកជាមួយដំរី ឯអ្នកខ្លះចូលចិត្តធ្វើដំណើរចូលក្នុងព្រៃជ្រៅ ជាមួយសត្វដំរី ។ ហើយលោកក៏មានការព្រួយបារម្ភចំពោះការបាត់បង់សត្វដំរីស្រុកនេះដែរ ប្រសិនបើជនជាតិព្នង នៅតែប្រកាន់ភ្ជាប់ជាមួយប្រពៃណីមួយនេះ ៕

elephant1 elephant