​អ្នកភូមិ​ដំណាក់​ចំបក់​ងាក​មក​ដាំ​ដំណាំ​អំពៅ​ព្រោះ​មាន​ទីផ្សារ​ល្អ​

91

កែប ៖ ប្រជាកសិកររស់នៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប បាននាំគ្នាងាកមកប្រកបរបរដាំ ដំណាំអំពៅតាមបែបគ្រួសារស្ទើរគ្រប់ផ្ទះ ព្រោះសម្លឹងឃើញដំណាំអំពៅងាយស្រួលដាំ មិនរើសដី និងមាន ទីផ្សារល្អដែលអាចផ្តល់ប្រាក់កម្រៃបានខ្ពស់ជាងដំណាំផ្សេងៗ នៅក្នុងតំបន់។

កសិករដាំដំណាំអំពៅម្នាក់ឈ្មោះ សួន ធឿន រស់នៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង កែប បានប្រាប់BTV កាលពីម្សិលម៉ិញថា លោកបានងាកមកប្រកបរបរដាំដំណាំអំពៅពីរឆ្នាំហើយ នៅលើផ្ទៃ ដីស្រែជាងកន្លះហិកតា ប៉ុន្តែវាអាចធ្វើឲ្យលោកអាចរកប្រាក់ ចំណូលបានរាប់លានរៀលក្នុងពេលប្រមូល ផលម្តងៗ។

លោក បានឲ្យដឹងថា ការដាំអំពៅមានការលំបាកខ្លះដែរ ដោយត្រូវប្រើកម្លាំង និងត្រូវធ្វើការនៅក្រោម កម្ដៅថ្ងៃ ប៉ុន្តែសម្រាប់កសិករ ជាពិសេសរូបលោកផ្ទាល់ វាជារឿងធម្មតាទៅហើយ។ វាត្រូវចំណាយពេល ៨ខែចាប់តាំងពីពេលដាំ ទើបដំណាំអំពៅអាចប្រមូលផលបាន ហើយបើគិតពីការចំណាយក៏អស់ច្រើនគួរ សម លើថ្លៃឈ្នួលព្យួររាស់ដីដាំ ទិញកូនអំពៅ ទិញជី និងការថែទាំ គឺសរុបត្រូវចំណាយទុនប្រមាណបីលាន រៀលលើផ្ទៃដីជាងកន្លះហិកតានេះ ប៉ុន្តែពេលប្រមូលផលវិញ គឺអាចលក់បាន១០លានរៀលដែរ។

លោក សួន ធឿន បានបញ្ជាក់ថា ការដាំដំណាំអំពៅគឺវាល្អសម្រាប់រូបលោក ព្រោះលោកមិនចង់ទៅ ធ្វើការឆ្ងាយពីផ្ទះសម្បែងផង។ លោកបានជំរុញឲ្យកសិករទាំងអស់នៅក្នុងខេត្តកែប ប្រសិនបើមិនមានការ ងារធ្វើ ហើយមានដីទំនេរ គួរតែសាកល្បងដាំដំណាំអំពៅ ព្រោះអាចធ្វើដោយខ្លួនឯង មិនចំណាយច្រើន ហើយទីផ្សារអំពៅក៏ល្អ ទាំងនៅក្នុងខេត្តកែប និងកំពត ម្យ៉ាងអាចរកប្រាក់ចំណូលបានសមរម្យផង។

ប្រធានមន្ទីរកសិករកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានប្រាប់BTV ឲ្យដឹងដែរថា នៅក្នុងសង្កាត់អូរក្រសា ក្រុងកែប មានចម្ការអំពៅរបស់កសិករដាំបែបគ្រួសារសរុបផ្ទៃដីចំនួន ១២៥ហិកតា។ មន្ទីរធ្លាប់បានចុះទៅណែនាំអំពីវិធីដាំ វិធីថែទាំជាច្រើនលើកផងដែរ។ បើទោះជាមិនមានក្រុម ហ៊ុនចុះមកទិញ ក៏ទីផ្សារអំពៅនៅតែល្អ៕

btvnews(16-08-2017(3)) btvnews(16-08-2017(1)) btvnews(16-08-2017(2)) btvnews(16-08-2017(5)) btvnews(16-08-2017(4))