កម្ពុជា​កំពុង​បង្កើត​មណ្ឌល​ថែរទាំ​សម្រាប់​មាន​ជំងឺ​ចិត្ត​វិកល​

92

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងថា ដើម្បីជួយដល់មានជំងឺចិត្តវិកល ជាពិសេសអ្នកមានជំងឺនេះដែលកំពុងស្នាក់នៅមណ្ឌលព្រៃស្ពឺ ទទួលបានការព្យាបាលតាមវិជ្ជាសាស្ត្រ ក្រសួងសង្គមកិច្ច បាននិងកំពុងខិតខំ កសាងមណ្ឌលថែទាំសម្រាប់ជនចិត្តវិកលនេះឡើង ដើម្បីឲ្យពួកគេទទួលបានសេវាព្យាបាលពិតប្រាកដ។

ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ នៅទីស្តីការក្រសួង នៅថ្ងៃទី១៦ ខែសីហានេះថា ក្រសួងបានកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងជំរុញ បង្កើតឲ្យមានមណ្ឌលថែទាំជាបន្តបន្ទាប់ ព្រោះការបង្កើតមណ្ឌលមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់អ្នកដែលរងគ្រោះ និងងាយរងគ្រោះ ឲ្យមានកន្លែងស្នាក់អាស្រ័យជាបណ្តោះអាសន្ន និងព្យាបាលទៅតាមជំនាញវិជ្ជាសាស្ត្រពេទ្យ មុននឹងពួកគេវិលទៅសហគមន៍ ឬចេញទៅប្រកបមុខរបរនៅកន្លែងផ្សេងៗ។

ឯកឧត្ដម បានបន្តថា សម្រាប់មណ្ឌលដែលគ្រោងព្យាបាលអ្នកជំងឺចិត្តវិកលនេះ បច្ចុប្បន្នក្រសួងកំពុងបានរៀបចំជាបណ្តើរៗហើយ នៅក្នុងទីតាំងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងសាងសង់ចប់រួចរាល់នៅក្នុងរង្វង់ចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨នេះ ដើម្បីយកបងប្អូនវិកលចរឹកពីព្រៃស្ពឺ ក៏ដូចបងប្អូនមានជំងឺចិត្តវិកលនៅតាមសហគមន៍ ឲ្យទទួលបានសេវាព្យាបាលតាមផ្នែកវិជ្ជាសាស្ត្រ។

ពាក់ព័ន្ធនឹងការបង្កើតមណ្ឌលនេះដែរ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះចំណុចវិជ្ជមានជាច្រើន ក្នុងវិស័យសង្គមកិច្ច ដែលរួមបញ្ចូលអំពីការគិតគូដល់ជនដែលងាយរងគ្រោះ និងងាយរងគ្រោះបើទោះបីជាមានកិច្ចការងារជាច្រើនទៀត ដែលត្រូវបន្តដោះស្រាយយ៉ាងណាក៏ដោយ។

លោកស្រីបានបន្តថា ក្រោយពីលោកស្រីបានបានចុះពិនិត្យមើលនៅមណ្ឌលព្រៃស្ពី មណ្ឌលកែប្រែទី១ និង មណ្ឌលកែប្រែទី២ នៅព្រៃសររួចមកហើយ គឺបានពិនិត្យឃើញថា ការបណ្តុះបណ្តាលដល់យុវជនទាំងអស់នោះ វាពាក់ព័ន្ធនឹងការកសាងអនីតិជន និងសម្បទាផងដែរ ក្នុងនោះចំពោះអ្វីដែលជាកង្វល់សម្រាប់លោកស្រី គឺគ្រូបណ្ដុះបណ្ដាល និងបុគ្គលិកពេទ្យគួរជម្រុញឲ្យបានចូលរួមនៅក្នុងការងារបណ្តុះបណ្តាល ដើម្បីឲ្យទទួលការកសាងនីតិសម្បទា ព្រមទាំងការធ្វើសមារណកម្មនៅក្នុងសហគមន៍ ព្រោះបច្ចុប្បន្នមានកុមារជាច្រើន កំពុងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោកស្រី បានស្នើសុំឲ្យអនុវត្តន៍ តាមបទដ្ឋានស្តង់ដារអន្តរជាតិ និងមានវគ្គបណ្តុះបណ្តាល ព្រមទាំងមានឧបករណ៍គ្រប់គ្រាន់ ដើម្បីឲ្យពួកគេបានហ្វឹកហ្វឺនឲ្យស្របវិជ្ជសាស្ត្រពេទ្យពិតប្រាកដ៕