រដ្ឋមន្ត្រី​សុខាភិបាល​ថា ​គោលនយោបាយ​របស់​រដ្ឋាភិបាល​បាន​គាំទ្រ​លើ​ជន​ក្រីក្រ

32

ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលបានគាំទ្រទាំងស្រុងលើជនក្រីក្រ មិនថាមានប័ណ្ណ ឬក៏គ្មានប័ណ្ណទេឲ្យតែប្រជាពលរដ្ឋក្រីក្រពិត និងជនពិការនោះទេ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាទីក្រុងហ្ស៊ឺណេវ ប្រទេសស្វីសកាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងខិតខំរុញច្រានសេវាសុខាភិបាលឲ្យល្អថែមទៀត ហើយក្រសួងកំពុងបំពាក់សម្ភារៈបរិក្ខារ បច្ចេកវិទ្យា ទំនើបៗឲ្យបានគ្រប់មនី្ទរពេទ្យថ្នាក់ជាតិទាំងអស់បណ្តើរៗ ហើយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានគាំទ្រទាំងស្រុងទៅលើជនក្រីក្រ មិនថាមានប័ណ្ណ ឬក៏គ្មានប័ណ្ណទេ ឲ្យតែប្រជាពលរដ្ឋក្រីក្រពិត និងជនពិការ គឺក្រសួងមានគណៈកម្មាធិការវាយតម្លៃនៅតាមមន្ទីរពេទ្យ ថ្នាក់ជាតិទាំងអស់ ត្រូវពិនិត្យ ព្យាបាលពួកគាត់ទាំងអស់ ដោយមិនយកថវិកា តាមគម្រោងគាំទ្រដោយថវិកាជាតិ។

ឯកឧត្ដមរដ្ឋមន្រី្ដ បានជម្រាបជូនលោកស្រីពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ជាវិស័យមួយដែលរាជរដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងនោះ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ ដោយផ្តល់នូវការគាំទ្រ បានបង្កើនកញ្ចប់ថវិកានៅក្នុងវិស័យមួយនេះ។

ដោយមានការគាំទ្រនេះ ទើបធ្វើឲ្យវិស័យសុខាភិបាល ទទួលបាននូវលទ្ធផលជាច្រើនរួមមាន អត្រានៃការកាត់បន្ថយមរណភាពមាតា កុមារ និងទារកធ្លាក់ចុះទាប ជាពិសេសអត្រាគ្របដណ្តប់ការចាក់ថ្នាំបង្ការជំងឺជូនកុមារ ដោយគ្រប់មុខបានទូទាំងប្រទេស ហើយបានលុបបំបាត់ជំងឺកញ្ជ្រឹល និងជំងឺរបេងដោយបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ចំពោះជំងឺមិនឆ្លង ក្រសួងបានសហការជាមួយអង្គការសហប្រជាជាតិ កំពុងតែធ្វើច្បាប់អំពីជំងឺមិនឆ្លងផងដែរ។

ឯកឧត្ដម ម៉ម ប៊ុនហេង បានបន្ថែមថា ការសម្រេចបានជោគជ័យពីជំងឺអេដស៍លើគោលដៅ៩០ ៩០ ៩០ និងការអប់រំដល់អ្នកញៀនគ្រឿងញៀន ហើយនិងករណីផ្សេងៗជាច្រើនទៀត ដែលក្រសួងអនុវត្តន៍កន្លងមក ក៏សម្រេចបានជោគជ័យនាពេលកន្លងមកនេះ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ ។

ជាការឆ្លើយតប លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានអបអរសាទរមិននឹកស្មានថា វិស័យសុខាភិបាលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងទសវត្សរ៍កន្លងទៅ មានការវិវឌ្ឍរីកចម្រើនលឿនជាងអ្វីដែលលោកស្រី មិនបានគិតរំពឹងទុកជាមុន ថាវិស័យសុខាភិបាល មានការរីកចម្រើនបែបហ្នឹង៕