ខែ​កក្កដា​មាន​មនុស្ស​ស្លាប់​ ១៣០​នាក់​និង​របួស​ ៣៧០​នាក់​នៅ​កម្ពុជា​

1022

ភ្នំពេញ៖ គិតត្រឹមតែក្នុងខែកក្កដាកន្លងមកនេះ នៅកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍ឡើងចំនួន២៥៤ករណី និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣០នាក់ និងរងរបួស៣៧០នាក់ ដែលគិតជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៣ទៅ៤នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ កក្កដា ឆ្នាំ២០១៧កាលពីម្សិលម៉ិញ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បើគិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្ស៤,៣នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ហើយឆ្លើយតបនឹងបញ្ហានេះក្រសួងបាននិងកំពុងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើយានយន្តនិងបានត្រួតពិនិត្យ យានយន្តសរុបចំនួនជិត៨ម៉ឺនគ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់ស្មើ ១៤% ហើយបានធ្វើការអប់រំចំនួន៤ពាន់៦៧០គ្រឿង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវការក្នុងកិច្ចការសង្គ្រោះបឋមនៃរថយន្តសង្គ្រោះ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ការដំឡើងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតរថយន្តឆ្លងកាត់ស្ពានព្រែកព្នៅ ក្នុងតម្លៃពិសេស និងការកសាងស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបដើម្បីសម្រួលការធ្វើចរាចរណ៍ ខណៈដែលស្ពានជ្រោយចង្វារកំពុងជួសជុល។

ឯកឧត្តមក៏បានលើកឡើងពីគម្រោងរថភ្លើងស្វយ័តប្រវត្តិ (រថភ្លើងគ្មានអ្នកបើកបរ) ដំណើរការសាងសង់ផ្លូវ រថភ្លើងពីភ្នំពេញទៅកាន់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងចលនាចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនមួក៕