១០​ក្រុមហ៊ុន​នៅ​​សិង្ហបុរី​ សុំ​សហការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​

76

ភ្នំពេញ ៖ តំណាងម្ចាស់រោងចក្រសហគ្រាសផលិត ផលិតផល ចំនួន១០ នៅប្រទេសសិង្ហបុរី បានសុំ សហការជាមួយអាជ្ញាធរកម្ពុជា ពិសេសអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ដែលកំពុងបានចែកចាយលក់នៅលើទីផ្សារកម្ពុជា។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធផលិតផលក្លែងក្លាយនៅទីស្តីការក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហានេះ អ្នកជំនាញប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអោយក្រុមហ៊ុន HP នៅប្រទេសសិង្ហបុរី លោក ប៊ែន ថ្លែងថា វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលអាចអោយអាជ្ញាធរកម្ពុជា និងក្រុមហ៊ុនផលិតផលិតផលដើមបង្ក្រាបផលិតផលក្លែងក្លាយបាននោះ គឺមានតែសុំអោយអាជ្ញាធរកម្ពុជា និងបណ្តាអាជីវករ និងបណ្តាអ្នកទិញទាំងឡាយនៅកម្ពុជាត្រូវថតរូបផលិតផលនោះនៅពេលសង្ស័យថា ផលិតផលដែលខ្លួនទិញជាផលិតផលក្លែងក្លាយ ហើយត្រូវរាយការណ៍បញ្ជូនរូបថតនោះទៅសមត្ថកិច្ច ឬក្រុមហ៊ុនផលិត ដើម្បីចាត់វិធានការស្រាវជ្រាវរកអ្នកផលិតក្លែងម៉ាកបញ្ជូនទៅតុលាការដោះស្រាយទៅតាមផ្លូវច្បាប់។

តំណាងក្រុមហ៊ុនផលិតផលិតផលម្នាក់ទៀត លោក Hewllet Packard បានថ្លែងថា ជាទូទៅបណ្តាម្ចាស់ផលិតផលិតចែកចាយលក់នៅលើពិភពលោក គឺតែងតែមានការខ្វល់ខ្វាយខ្លាំងដោយសារមានពួកឧក្រិដ្ឋជនតែងតែរកវិធីសាស្ត្រលួចផលិតផលិតផលក្លែងម៉ាករបស់គេទៅលក់នៅលើទីផ្សារ ដែលបញ្ហានេះគឺធ្វើអោយខាតបង់ទាំងអស់គ្នា ពោលគឺខាតទាំងអ្នកផលិត និងខាតទាំងអ្នកទិញ។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឯកឧត្តម មៀច សុផាន់ណា ថ្លែងថាកន្លងមកមានវិធានការជាច្រើនដែលគណៈកម្មាធិការបានសហការជាមួយបណ្តាក្រុមហ៊ុនរោងចក្រផលិត ផលិតផលដើម អោយមកធ្វើបទបង្ហាញដើម្បីបញ្ជាក់ជូនអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា យល់ច្បាស់នូវការកំណត់អត្តសញ្ញាណផលិតផលពិត និងផលិតផលក្លែងក្លាយរបស់ក្រុមហ៊ុនផលិត។

ឯកឧត្តម មៀច សុផាន់ណា បន្ថែមថា បច្ចុប្បន្នការចែកចាយផលិតផលក្លែងក្លាយក្លែងម៉ាកនេះ ហាក់បានធ្លាក់ចុះខ្លាំង បន្ទាប់ពីក្រុមកម្លាំងមានសមត្ថកិច្ចបានចាត់វិធានការចុះស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបានជាបន្តបន្ទាប់រួចមក។ មកដល់ពេលនេះ កំលាំងសមត្ថកិច្ចចំរុះបានចាត់វិធានការផ្អាកផលិតផលជាង២០០លានតោន មិនអោយចែកចាយលក់លើទីផ្សារ ហើយក្រៅពីនេះ ក៏មានជនល្មើសមួយចំនួនត្រូវបានកសាងសំណុំរឿងឡើងតុលាការ និងបានដាក់វិធានការពិន័យជាប្រាក់មួយចំនួនទៀតផងដែរ៕

sophana1 sophana2 sophana3 sophana btvnews(17-08-2017(14)) btvnews(17-08-2017(13)) btvnews(17-08-2017(12))