មន្ត្រី​សុខាភិបាល​ខេត្តស្ទឹងត្រែង​ ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម

60

 

ស្ទឹងត្រែង ៖ មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុន ឈាម ពីព្រោះជំងឺនេះវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ប្រសិនបើមិនបានចាប់អារម្មណ៍តាមដាន ជំងឺនេះ។

ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការបន្ថែមដល់កុមារ និងការផ្តល់សេវានៅមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីម្សិលម៉ិញ លោក អៀង ថៃ មន្ត្រីមណ្ឌលសុខភាពឃុំថាឡាបរិវ៉ាត់ បានបញ្ជាក់ ថា រដូវទឹកឡើង ឬរដូវភ្លៀងធ្លាក់នេះ គឺសម្បូរទៅដោយមូសខ្លា ដែលវាអាចខាំបណ្តាលឲ្យមនុស្សក្មេង ចាស់កើតជំងឺគ្រុនឈាម ដូច្នេះប្រជាពលរដ្ឋត្រូវចេះមើលថែកូនចៅឲ្យបានល្អ ដោយត្រូវស្លៀកពាក់ ខោអាវវែង និងត្រូវដេកក្នុងមុងជ្រលក់ថ្នាំការពារកុំឲ្យមូសខ្លា ឬមូសដែកគោលញីខាំ។

លោក បានបញ្ជាក់ថា តាមការចុះផ្តល់សេវាដល់មូលដ្ឋាននេះ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ មួយចំនួននៅមានភាពខ្វះចន្លោះ មិនទាន់បានលើកកម្ពស់ថែរក្សាសុខភាពនៅឡើយ ដោយសារតែពួក គេជាអ្នកស្រែចម្ការ ធ្វើឲ្យមន្ត្រីពិបាកផ្ដល់ថ្នាំបង្ការ និងសេវាអប់រំបង្ការជំងឺគ្រុនចាញ់ ឬ គ្រុនឈាមនេះ។

លោកស្រី និន សូរិយា ប្រធានមណ្ឌលសុខភាពឃុំថាឡា ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ប្រពលរដ្ឋនៅតាមទីជនបទពិតជារស់នៅមិនបានជុំគ្នាមែន ដោយសារតែមូលដ្ឋានគាត់ នៅឆ្ងាយៗពីគ្នា បង្កភាពលំបាកដល់មន្ត្រីសុខាភិបាលចុះទៅអប់រំ ក៏ដូចជាការផ្តល់ថ្នាំបង្ការដល់កុមារ។

លោកស្រី បានបញ្ជាក់ថា នៅរដូវវស្សាជាការព្រួយបារម្ភចំពោះការកើតជំងឺគ្រុនឈាម និងគ្រុន ចាញ់ ទោះបីមន្ត្រីសុខាភិបាលបានចុះអប់រំឲ្យមានការប្រុងប្រយ័ត្នហើយក៏ដោយ ហើយសំខាន់ជាង នេះទៀតប្រជាពលរដ្ឋត្រូវចេះសម្អាតបរិស្ថាននៅជុំវិញផ្ទះដើម្បីកុំឲ្យកើតជំងឺដោយសារមូសខាំ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានអន្តរាគមន៍ផ្នែកជំងឺឆ្លង បានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋមានកូនចៅមានអាការៈក្តៅខ្លួនខ្លាំង មានកំដៅចាប់ ពី៣៩ទៅ ៤០អង្សា ប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពីពីរថ្ងៃឡើង មានស្ថានភាពមុខឡើងក្រហម ឈឺសាច់ដុំ ឈឺក្បាល ដេកច្រើន ឬមានសញ្ញាពណ៌ក្រហមលើស្បែក ឈាមច្រមុះ ឬឈាមអញ្ចាញ ធ្មេញ សូមប្រញាប់រុះរាន់យកកូនចៅទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់៕

btvnews(17-08-2017(17)) btvnews(17-08-2017(16))