លោក ត្រាំ សរសើរ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ​របស់​មេដឹកនាំ​កូ​រ៉េ​ខាងជើង​ដែល​បញ្ឈប់​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ទៅ​ក្បែរ​កោះ​ Guam

97

អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធម្សិលមិញបានកោតសរសើរមេដឹកនាំកូរ៉េខាងជើង ដែលផ្អាកផែនការបាញ់មីស៊ីលឆ្ពោះទៅកាន់ដែនកោះ Guam នៅមហាសាគរប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។Jp-Nkលោក ត្រាំ បានសរសេរលើបណ្ដាញ Twitter ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើការសម្រេចយ៉ាងឆ្លាតវៃ និងមានហេតុផលត្រឹមត្រូវ។ ជម្រើសនៃការវាយប្រហារដោយមីស៊ីលនឹងក្លាយជាគ្រោះមហន្តរាយ និង មិនអាចទទួលយកបាន។ លោក ត្រាំ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន ដោយការព្រមានកូរ៉េខាងជើងថានឹងជួបព្យុះភ្លើង បើនៅតែបន្តគំរាមសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ដោយកម្មវិធីមីស៊ីលបាលីស្ទិកទៀតនោះ។ ការធ្វើអត្ថាធិប្បាយភ្លាមៗរបស់លោកកើតមាន ខណៈកំពុងសម្រាកលំហែកាយក្នុងរដ្ឋញូវជើស៊ីដែលត្រូវបានគេបកស្រាយថា ជាការជំរុញឲ្យមានការវាយប្រហារនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ទល់នឹងកូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង មេដឹកនាំដែលគេពិបាក ប៉ាន់ស្មានចិត្តបាន និងឯកោកូរ៉េខាងជើងកាលពីថ្ងៃអង្គារ ត្រូវបានពន្យល់ត្រួសៗដោយកងកម្លាំងជំនាញផ្នែកមីស៊ីលរបស់លោក លើផែនការវាយប្រហារជាកងភ្លើងទៅក្បែរកោះ Guam។

ក្រោយមកប្រភពខាងលើបន្តថា លោក គីម បានសម្រេចចិត្តពន្យារពេលធ្វើប្រតិបត្តិការនេះ គឺដើម្បីរង់ចាំមើលសកម្មភាពដ៏ល្ងង់ខ្លៅ និងការប្រព្រឹត្តផ្ដេសផ្ដាសរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថាខ្លួននឹងមិនធ្វើសកម្មភាពទេ ប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើសកម្មភាពខ្វះការពិចារណាទេនោះ។ លោក រ៉ិក ធើល័រសិន រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងបន្ទាប់ពីលោក គីម ផ្អាកផែនការវាយប្រហារដោយស៊ីមីលថា ទីក្រុងវ៉ាស៊ីនតោននៅតែត្រៀមខ្លួនជានិច្ចសម្រាប់ការចរចា៕
អត្ថបទ៖ សុខមាន