ស្ករ​តាំង​ម៉ែ Everton យល់​ព្រម​អស់​ហើយ​ក្នុង​ការ​ទិញ​យក​កីឡាករ​ក្ងាន​សួគ៌ Sigurdsson

100

បាល់ទាត់៖ នៅល្ងាចថ្ងៃពុធម្សិលម៉ិញនេះក្លឹបស្ករតាំងម៉ែ Everton បានយល់ព្រមព្រៀងគ្នាអស់ហើយ ក្នុងការនាំយកកីឡាករខ្សែបំរើកណ្ដាលសញ្ជាតិអៀកឡង់ Gylfi Sigurdsson ជាមួយតំលៃប្រហាក់ប្រហែល ៤៥ លានផោនដែលវាស្មើនឹង ៥៧.៨៩លានដុល្លារអាមេរិក នេះបើតាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានចក្រភពអង់គ្លេស។SigurdssoSigurdsson បច្ចុប្បន្នមានវ័យ ២៧ឆ្នាំគឺមានតួនាទីដ៏សំខាន់ពេលជួយក្រុមក្ងានសួគ៌ Swansea City ឲ្យរួចផុតពីការកាត់ចោលពីក្របខណ្ឌ Barclay Premier League រដូវកាលមុន ពោលគឺគេរកបាន ៩គ្រាប់ និងការបញ្ជូនបាល់បាន ១៣លើក ក្លាយជាកីឡាករល្អបំផុតទី៣ ប្រចាំក្របខណ្ឌរដូវកាលមុន។ បើតាមការផ្សាយរបស់ BBC បានរាយការណ៍ថា Sigurdsson នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពនៅក្លឹប Swansea City មុនពេលផ្លាស់ប្ដូរទៅកាន់ Everton នៅថ្ងៃព្រហស្បតិ៍នេះ។ រំលឹកថា Sigurdsson បានចំណាយពេលរយៈពេល ២រដូវកាលជាមួយក្លឹបមាន់ក្នាយមាស Tottenham Hotspurs មុនពេលចូលរួមនឹង Swansea ហើយក៏បន្តឲ្យក្លឹបអាល្លឺម៉ង់ Hoffenheim ខ្ចីជើងនៅឆ្នាំ២០១២។

ហើយការមកដល់របស់ Sigurdsson នេះបានបំបែកកំណត់ត្រាទិញកីឡាករចូលក្លឹប Everton ផងដែរ ក្រោយពួកគេបានទិញ Lukakuពី Chelsea កាលឆ្នាំ២០១៤ ជាមួយតម្លៃ 31.8លានផោន។ បញ្ជាក់ថា Swansea City បានច្រានចោលសំណើ ២លើកមកហើយរបស់ Everton ក្នុងការចង់បាន Sigurdsson ពោលគឺគេចង់បាន ៥០លានផោន៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ