កម្ពុជា​កំពុង​ដាក់​បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន​៣​ទៀត​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

437

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា កម្ពុជាបានដាក់នូវបេតិកភណ្ឌអរូបិយរបស់កម្ពុជាចំនួនបីទៀត ដើម្បីចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី១៧ សីហានេះ លោកជំទាវភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានដាក់បេតិកភណ្ឌវប្បធម៌ អរូបីចំនួន៣បន្ថែមទៀត ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាពេលខាងមុខនេះ។

លោកជំទាវបន្តថា បន្ទាប់ពីបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមបច្ចេកទេសរបស់ក្រសួង បានបន្តសិក្សារៀបចំឯកសារល្ខោនខោល គុនល្បុក្កតោខ្មែរ និងតម្បាញសូត្រខ្មែរ បានផ្ញើជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ ។

បេតិកភណ្ឌវប្បធម៌អរូបី រួមមាន ល្ខោនជាងម្ភៃទម្រង់ របាំបុរាណមានអាយុរាប់ពាន់ឆ្នាំ ពិសេសរបាំ ក្បាច់បុរាណខ្មែរ ឬហៅថារបាំអប្សរា ដែលជាបេតិកភណ្ឌអរូបីដ៏ប្រណិតគ្មានពីរ ត្រូវបានពិភពលោកទទួលស្គាល់ និងបានចុះបញ្ជីជា“បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ” នាឆ្នាំ២០០៣ មានតន្ត្រី និងចម្រៀងខ្មែរបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដូចជា តន្ត្រីអារក្ស ភ្លេងការ មានរបៀបសរសេរកំណាព្យជាង៥០បែប និងបែបបទស្មូត្រកំណាព្យជាង៦០ប្រភេទ, មានអក្សរសាស្ត្រខ្មែរបច្ចុប្បន្ន ដែលមានដើមកំណើតពីបុរាណជាងពាន់ឆ្នាំ អាចរក្សាទុកតាម រយៈការសម្រិតសំរាំង កែលម្អបន្តិចម្តងៗ ប្រើប្រាស់ជាផ្លូវការរហូតមក។

ក្រៅពីនោះ នៅមានល្បែងរបាំប្រជាប្រិយប្រពៃណី ការនិទានរឿង។ បើប្រៀបទៅនឹងប្រទេសមួយដ៏តូចប្រជាជនតិចដូចកម្ពុជា បច្ចុប្បន្ន បេតិកភណ្ឌទាំងអស់ដូចដែលបានរៀបរាប់ត្រួសៗមកខាងលើនេះពិតជារតន សម្បត្តិដ៏មហាសាលមិនអាចកាត់ថ្លៃបាន ដែលសូម្បីប្រទេសធំៗលើពិភពលោកក៏មានការកោតសរសើរ និងស្ញប់ស្ញែងផងដែរ៕