លោកជំទាវ ភឿង ស​កុ​ណា​ ស្នើ​ប្រទេស​អាល្លឺម៉ង់​បណ្ដុះបណ្ដាល​ម​ន្រី្ត​វប្បធម៌​លើ​ជំនាញ​ជួសជុល​ប្រាសាទ​ឥដ្ឋ

83

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានស្នើលោកសាស្ត្រាចារ្យ Hans Leisen នាយកអង្គការគម្រោងអភិរក្សអប្សរារបស់ប្រទេសអាល្លឺម៉ង់ ជួយបណ្ដុះបណ្ដាលមន្រី្តវប្បធម៌ លើជំនាញជួសជុលប្រាសាទឥដ្ឋ។

ក្នុងជំនួបជាមួយមន្ត្រីជំនាញអាល្លឺម៉ង់នាព្រឹកថ្ងៃទី១៧ សីហានេះ លោកជំទាវរដ្ឋមន្រី្ត បានមានប្រសាសន៍ថា ដោយសារអង្គការគម្រោងអភិរក្សអប្សរារបស់ប្រទេសអាល្លឺម៉ង់ (ហៅកាត់GACP)នេះមានជំនាញខាងឥដ្ឋ កំបោរបាយអរពិសេសប្រាសាទសំបូរព្រៃគុក ភាគច្រើននៃប្រាសាទសាងសង់ឡើងពីឥដ្ឋទាំងអស់នោះ ទើបលោកជំទាវស្នើឲ្យភាគីអាល្លឺម៉ង់ អាចបញ្ចូលជាការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលអាចបញ្ជូនមន្រី្តរបស់អាជ្ញាធរសំបូរព្រៃគុក ទៅទទួលការបណ្ដុះបណ្ដាលជាមួយអាជ្ញាធរអប្សរានៅសៀមរាប ឬក៏អាចឲ្យអ្នកជំនាញរបស់អង្គការមកសិក្សាស្វែងយល់ និងបណ្ដុះបណ្ដាលនៅសំបូរព្រៃគុកជាមួយគ្នា។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យ Hans Leisen គាំទ្រលើគម្រោងរបស់លោកជំទាវ ដែលបានលើកឡើងជាពិសេស លោកមានបំណងស្នើសុំការគាំទ្រពីក្រសួងវប្បធម៌ក្នុងចំណុច២សំខាន់ ដូចជា អង្គការប្រារព្ធខួប២០ឆ្នាំ នៃកិច្ចសហប្រតិបតិ្តការរវាងអង្គការ និងក្រសួងវប្បធម៌ ដែលនឹងប្រារព្ធធ្វើនៅខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ និងបន្តការងារដែលនឹងត្រូវធ្វើអនុស្សរណៈយោគយល់គ្នារវាងអង្គការ និងអាជ្ញាធរអប្សរា លើការងារអភិរក្សរូបចម្លាក់អប្សរានៅតំបន់អង្គរ និងប្រាសាទឥដ្ឋជាដើម ជាពិសេសគម្រោងដែលលោកជំទាវ លើកឡើងលោកសុំឲ្យដាក់គម្រោងនេះក្នុងអនុស្សរណៈនេះតែម្តង។

ជាការឆ្លើយតបលោកជំទាវគាំទ្រលើគម្រោងទី១ ចំពោះអនុស្សរណៈនោះ និងស្នើសុំឲ្យមានភាគីអង្គការធ្វើការជិតស្និទជាមួយនឹងអាជ្ញាធរអប្សរាបន្តទៀត ។

អង្គការ ជី អេ ស៊ី ភី ចាប់ផ្តើមស្រាវជ្រាវនៅកម្ពុជាតាំងពីឆ្នាំ១៩៩៥ និងបានចាប់ផ្តើមសិក្សាពេញលេញ នៅឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំនៃការប្រារពខួប២០ឆ្នាំក្នុងការងាររបស់ខ្លួន។ គម្រោងរបស់អង្គការ គឺអភិរក្ស រូបចម្លាក់អប្សរា នៅប្រាសាទអង្គរវត្ត និងស្រាវជ្រាវប្រាសាទដែលសាងសង់អំពីឥដ្ឋ ក្រុមប្រាសាទលលៃ ប្រាសាទព្រះគោ ខេត្តសៀមរាប៕