អតីត​យុទ្ធជន​ជាង​ ៨​ម៉ឺន​នាក់ ​និង​អ្នក​នៅ​ក្នុង​បន្ទុក​ជាង ​១៣​ម៉ឺន​នាក់ ​កំពុង​ទទួល​បាន​របប​គោ​នយោបាយ​ពី​រដ្ឋ

142

ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួនជាង ៨ម៉ឺន ៦ពាន់នាក់ និងអ្នកនៅក្នុងបន្ទុកចំនួនជាង១៣ម៉ឺននាក់ កំពុងទទួលរបបគោលនយោបាយពីរដ្ឋ ក្នុងនោះ របបគោលនយោបាយនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមការតម្លើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន នៅទីស្តីការក្រសួង ថ្ងៃទី១៧ ខែសីហានេះថា ពាក់ព័ន្ធនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការអនុវត្តន៍គោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយ សម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដ៏ថ្លៃថ្លារបស់បងប្អូន ចំពោះជាតិហាតុភូមិ និងប្រជាជនទាំងមូល។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ដើម្បីឲ្យទទួលបានជីវភាពកាន់តែប្រសើរ រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញយ៉ាងសកម្ម និងធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

មកដល់បច្ចុប្បន្នក្រសួងសង្គមកិច្ច បានផ្តួចផ្តើមរៀបចំបញ្ជីសំនួរស្រាវជ្រាវ ពីស្ថានភាព ជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជន ជាលទ្ធផលក្រសួងបានបញ្ចប់ទម្រង់បញ្ជីសំនួរនេះ ដោយបានរៀបចំកម្រងសៀវភៅណែនាំស្តីពី នីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព នឹងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជនពិតប្រាកដ។

ឯកឧត្ដម វង សូត្រ បានលើកឡើងថា ក្រោយពីយើងបានចងក្រងទិន្នន័យពាក់ព័ន្ធ នឹងស្ថានភាពជីវភាពអតីត យុទ្ធជន និងគ្រួសារយុទ្ធជន គឺជាធាតុចូលយ៉ាងសំខាន់ ក្នុងការរៀបចំនូវគម្រោងអភិវឌ្ឍនានា ដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជនឲ្យមានជីវភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន៕