ឆេះ​ឃ្លាំង​អេត​ចាយ​នៅ​ខណ្ឌ​ដង្កោ ​បាញ់​ទឹក​ជាង​១០០​ស៊ីទែន​ទើប​រលត់​

117

ភ្នំពេញ ៖ ឃ្លាំងអេតចាយដ៏ធំមួយ សង់ពីដែកប្រកស័ង្កសីទំហំ ៤៥ម៉ែត្រ គុណនិង ២៥ម៉ែត្រ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យប្រមាណ ជាង ២០គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកប្រមាណ ជាង ១០០ស៊ីទែន ទើបរលត់ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង ២ និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចឃ្លាំងទិញ-លក់អេតចាយ ស្ថិតតាមបណ្តោយផ្លូវលេខ35D ក្រុមទី១៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់អោយដឹងថា ម្ចាស់ឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងទិញ-លក់ អេតចាយ ។

មូលហេតុ នៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ២៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១០៥គ្រឿង ស្មើនឹង ៤២០ម៉ែត្រគូប ។

ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នូវវេលាម៉ោង ៥ និង ៤៥នាទី ព្រឹក នាថ្ងៃខែឆ្នាំដដែល ៕ តារាវុទ្ធី