កម្ពុ​ជា​មាន​ស្តង់ដារ​ជាតិ​ចំនួន​៨០៤ ​ដើម្បី​ជួយ​ដល់​ម្ចាស់​ឧស្សាហករ​ក្នុងស្រុក

77

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់វិទ្យាស្ថានស្តង់ដារជាតិ បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តយកស្តង់ដារអន្តរជាតិ និងស្តង់ដារក្នុងប្រទេសអាស៊ានទាំង១០ សរុបចំនួន៨៤៨ស្តង់ដារ មកជាស្តង់ដារជាតិបាន៨០៤ស្តង់ដាររួចហើយ ដើម្បីជួយជំរុញ និងជាប្រយោជន៍ សម្រាប់ជួយដល់ម្ចាស់ឧស្សាហករ សិប្បកម្ម និងដល់ម្ចាស់សហគ្រាសផ្សេងៗក្នុងការប្រកួតប្រជែងនូវផលិតផលរបស់ខ្លួនប្រកបដោយគុណភាព។

ឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងប្រាប់ភ្នាក់ងារ អ្នកយកព័ត៌មាន BTV NEWS នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសារ ដើម្បីសម្រេចអនុម័តយកស្តង់ដារផ្សេងៗមកជាស្តង់ដារជាតិ ក្នុងគោលបំណងជំរុញ ដល់ម្ចាស់សហគ្រាស សិប្បកម្ម និងវិស័យឧស្សហកម្មនៅកម្ពុជា ក្នុងការអភិវឌ្ឍន៍ទៅតាមស្តង់ដារ ឲ្យមានសន្ទុះកាន់តែប្រសើរឡើងជាងមុន ដែលជាខ្នងបង្អែកយ៉ាងសំខាន់ សម្រាប់ពន្លឿនឧស្សាហកម្មរបស់ខ្លួន។

ឯកឧត្តម ចាន់ បូរិន្ទ បានលើកឡើងឲ្យដឹងថា ទន្ទឹមនឹងការខិតខំរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្នុងការជំរុញ បង្កើតជាស្តង់ដារជាតិតែមួយ ដែលចាត់ទុកជាគ្រឹះយ៉ាងសំខាន់ដល់ម្ចាស់សហគ្រាស សិប្បកម្ម និងឧស្សាហកម្មនោះ មកដល់ពេលនេះ មានម្ចាស់ក្រុមហ៊ុនមួយចំនួនដែលចង់ពង្រឹងពីគុណភាពអនាម័យ លើផលិតផលរបស់ខ្លួន ដើម្បីឈានទៅរកការប្រកួតប្រជែងនោះ បច្ចុប្បន្នមានម្ចាស់អាជីវកម្មចំនួន៥០០ក្រុមហ៊ុនរួចមកហើយ ដែលបានមកចុះបញ្ជីយកសញ្ញាស្តង់ដារ ក្រោមភាពអនុលោម និងធ្វើការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ លើការវាយតម្លៃទទួលស្គាល់ក្រុមហ៊ុនទាំងនោះ។

គិតមកដល់ពេលនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តយកស្តង់ដារអន្តរជាតិ រួមមាន ស្តង់ដារ ម្ហូបអាហារមានចំនួន៤០០ស្តង់ដារ ស្តង់ដារអគ្គិសនីអេឡិចត្រូនិចជាង១០០ស្តង់ដារ ស្តង់ដារឈើ ស្តង់ដារផលិតអំពី ឈើនិងផលិតអំពីកៅស៊ូ ក្នុងនោះស្តង់ដារជាតិរួមមាន ស្តង់ដារត្រីងៀត ផ្អក ប្រហុក ស្តង់ដារបង្គា បង្កង ស្តង់ដារអង្ករ ស្តង់ដារមួកសុវត្ថិភាព ស្តង់ដារយានយន្ត (មានម៉ូតូ និងរថយន្ត) សរុបទាំងអស់មានចំនួន៨៤៨ស្តង់ដារ ក្នុងនោះកម្ពុជា បានអនុម័តបានចំនួន៨០៤ស្តង់ដារជាតិរួចមកហើយ ដើម្បីជាតម្រូវការដល់ម្ចាស់សហគ្រាស សិប្បកម្ម ឧស្សាហកម្ម៕