មនុស្ស​ចាស់​នៅ​កម្ពុជា​កើន​ឡើង​ជាង​១​លាន​នាក់​

142

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានថ្លែងឲ្យដឹងថា នាប៉ុន្មានឆ្នាំចុងក្រាយនេះ កម្ពុជាមានមនុស្សវ័យចាស់ជាង១លាននាក់ ត្រូវជាង៨%ហើយកំណើននេះនឹងកើនឡើងដល់៥លាននាក់ស្មើនឹង២១% នៃប្រជាជនសរុបនៅឆ្នាំ២០៥០។

ឯកឧត្ដម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងលើកឡើង បើកសិក្ខាសាលាស្តីពីការស្វែងយល់នៃទស្សនវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា នៅថ្ងៃទី១៨ ខែសីហានេះថា បច្ចុប្បន្នមនុស្សដែលមានវ័យចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើង មានចំនួន៥០០លាននាក់ នៅក្នុងចំណោមប្រជាជនសរុបនៅទូទាំងពិភពលោក ក្នុងនោះ ចំពោះមនុស្សចាស់នៅក្នុងប្រទេសបណ្តាអាស៊ាន មានប្រជាពលរដ្ឋចំនួនប្រមាណ៦៣៣លាននាក់ នៅក្នុងឆ្នាំ២០១៥ និងអាចកើនឡើងប្រមាណជា៧៤១លាននាក់ នៅឆ្នាំ២០៣៥។

ឯកឧត្ដមបន្តថា ពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជាវិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ កម្ពុជាមានមនុស្សចាស់ប្រមាណជាង១លាននាក់ នៃចំនួនប្រជាជនសរុប ហើយកំណើននេះនឹងកើនឡើងដល់៥លាននាក់ស្មើនឹង២១% នៃប្រជាជនសរុបនៅក្នុងឆ្នាំ២០៥០ ដែលបានជាសារមួយពញ្ញាក់អារម្មណ៍ថា ដល់ពេលដែលយើងត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតលើមនុស្សចាស់ ទាំងសុខភាព ផ្លូវកាយសុខភាព ផ្លូវចិត្ត ការហូបចុក និងសេវាផ្សេងៗទៀត ដោយសារមនុស្សនៅកម្ពុជាប្រឈមមុខកាន់តែច្រើន ទៅនឹងកត្តាផ្នែកសង្គម សេដ្ឋកិច្ច ផលិតភាពចុះទាប និងស្ថានភាពសុខភាពផុយស្រួយជាដើម។

ឯកឧត្ដម មុំ ប៊ុនថន បានបន្តដឹងថា បញ្ហាប្រឈមទូទៅសម្រាប់មនុស្សដែលគេសង្កេតឃើញ មានដូចជា បញ្ញា ស្មារតី សុខភាពចុះខ្សោយទ្រុឌទ្រោម សន្តិសុខហិរញ្ញវត្ថុ ប្រាក់ចំណូល ភាពក្រីក្រ ការរំលោភបំពាន កង្វះខាត់បរិស្ថានដែលគាំទ្រ និងមានលក្ខណៈអំណោយផល ក្នុងការរស់នៅរបស់មនុស្សចាស់ និងភាពឯកោជាដើម លើសពីនេះទៅទៀតមនុស្សវ័យចាស់ ទទួលនូវហានីភ័យនៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុផងដែរ៕