ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ​ច្រើន​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ

225

បន្ទាយមានជ័យ ៖ មន្ត្រីការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានឲ្យដឹងថា ក្នុងរយៈពេលកន្លះឆ្នាំកន្លងមកនេះ មានពលករខ្មែរច្រើន បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ខណៈអាជ្ញាធរថៃ ក៏បានចាប់បញ្ជូនត្រឡប់មកវិញនូវកម្មករខុសច្បាប់ ក្នុងចំនួនច្រើនផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ និងពិធីផ្ទេរភារកិច្ច និងផ្លាស់ប្ដូរមុខតំណែងនាយ នាយរងមន្ត្រីយោធាការិយាល័យ និងក្រុមការងារព្រំដែនតំបន់ និងព្រំដែនអន្តរជាតិ កាលពីម្សិលម៉ិញ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការដ្ឋាន និងប្រធានការិយាល័យទំនាក់ទំនងកម្ពុជាថែ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ពលករខ្មែរដែលបានឆ្លងដែនទៅធ្វើការនៅប្រទេសថៃ មានចំនួនជិតពីរលាននាក់ ពលរដ្ឋថៃ មកកម្ពុជាជិតមួយលាននាក់ ហើយបានទទួលការបញ្ជូនត្រឡប់មកវិញនូវពលករខុសច្បាប់ចំនួនជិតដប់ម៉ឺននាក់។

លោក បានបញ្ជាក់ថា ក្នុងឆមាសទីមួយដើមឆ្នាំនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរត្រឡប់មកវិញច្រើន ដោយសារថៃរឹត បន្តឹងច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងពលករបរទេសខុសច្បាប់នៅប្រទេសថៃ។ ក្នុងនោះមានបង្ក្រាបបទល្មើសឈើគ្រញូង៦២៨លើក ចាប់ខ្លួនមនុស្ស៤៦នាក់។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានឲ្យដឹងថា ការងាររបស់ការិយាល័យ និងក្រុមការងារទំនាក់ទំនង គ្របដណ្ដប់ បណ្ដោយព្រំដែនកម្ពុជាថៃប្រវែងជិតមួយពាន់គីឡូម៉ែត្រ ពីច្រកចាំយាមខេត្តកោះកុង ដល់មុំបីខេត្តព្រះវិហារ។ ក្នុងនោះចែកចេញជា២៤ច្រក (ច្រកអន្តរជាតិ៦ និងច្រកតំបន់ទ្វេរភាគី១៨)។ ខេត្តដែលមានភូមិសាស្ត្រជាប់ព្រំដែនប្រទេសថែ មាន៧ខេត្ត គឺខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវបានណែនាំឲ្យយកចិត្តទុកដាក់ក្នុងការទំនាក់ទំនងធ្វើសហប្រតិបត្តិការជាមួយភាគីថៃ ក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ពង្រឹងមិត្តភាព ការអភិវឌ្ឍន៍នានា ក៏ដូចជាទប់ស្កាត់ បង្ក្រាបបទល្មើសនានាតាមបណ្តោយ និងច្រកព្រំដែន៕

btvnews(23-02-2016(3))