ការ​ចិញ្ចឹម​គោក្របី​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ខេត្តស្វាយរៀង​ បាន​ធូរធារ​មួយ​កម្រិត

85

ស្វាយរៀង ៖ ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នករស់នៅតាមបណ្តាខេត្តនានា ក្រៅពីការពឹងផ្អែកលើវិស័យកសិកម្ម ដំណាំ តែងតែឆ្លៀតចិញ្ចឹមដើម្បីជាប្រយោជន៍ជួយលើកស្ទួយជីវភាពគ្រួសារ។

ការចិញ្ចឹមសត្វគោក្របីបន្ថែមពីលើការងារកសិកម្ម និងការងារផ្សេងៗទៀត សម្រាប់ជាកម្លាំង ជំនួយ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ទទួលបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារ និងបានជួយឲ្យជីវភាពរបស់ពួកគេហក់ឡើងមួយកម្រិតទៀត។

ប្រជាពលរដ្ឋរស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ជាច្រើនគ្រួសារបានចាប់យកការ ចិញ្ចឹមសត្វគោក្របីក្រៅពីមុខរបរស្រែចម្ការ ព្រោះសត្វគោក្របីមានទីផ្សារល្អ និងងាយស្រួលក្នុងការចិញ្ចឹមទៀតផង។

ប្រជាពលរដ្ឋក្នុងភូមិនេះ ត្រូវបានគេសង្កេតឃើញថា បានមានការផ្លាស់ប្តូរជីវភាពពីការលំបាកទៅ ជាធូរធារគួរសម ដោយអាចមានលទ្ធភាពសង់ផ្ទះសម្បែងរស់នៅបានសមរម្យ មានសម្ភារប្រើប្រាស់ទាន់ សម័យ ពិសេសមានលទ្ធភាព ផ្គត់ផ្គង់ការសិក្សារបស់កូនចៅពួកគេខុសប្លែកពីអតីតកាល។

ប្រជាពលរដ្ឋ បានងាកមករកការចិញ្ចឹមសត្វគោក្របីច្រើនជាងការធ្វើស្រូវ ដាំបន្លែ ចិញ្ចឹមជ្រូក មាន់ ទា ព្រោះថាសត្វគោក្របីអាចលក់បានថ្លៃជាង និងអាចយកទៅធ្វើអ្វីៗបានតាមតម្រូវការ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានប្រាប់ BTV កាលពីម្សិលម៉ិញថា នៅក្នុងឆ្នាំ២០១៧នេះ ក្រុមប្រជាកសិករក្នុងខេត្តស្វាយរៀង រួមនិង ក្រុមសហគន៍ចិញ្ចឹមសត្វ បានចិញ្ចឹមសត្វគោក្របី បានជាងពីរសែនក្បាល ក្នុងនោះគោក្របី ដែលជាកម្លាំងអូស ទាញមានជាង៧ម៉ឺនក្បាល ហើយសម្រាប់ឆ្នាំនេះ សត្វគោក្របីក្រៅពី ត្រូវបានប្រើប្រាស់ជាកម្លាំងអូស ទាញ និងយកសាច់បម្រើជីវភាពប្រចាំថ្ងៃ ក្រុមកសិករបានលក់ចេញទៅក្រៅប្រទេសបានជាច្រើនពាន់ ក្បាល ដើម្បីបង្កើនប្រាក់ចំណូលគ្រួសាររបស់ពួកគេផងដែរ៕

photo_2017-08-18_16-29-54 (2) btvnews(17-08-2017(20)) btvnews(17-08-2017(18))