នាយក​ទីចាត់ការ​ហ្វឹកហ្វឺន ​៖ ទាហាន​ត្រូវតែ​ឆ្លងកាត់​សាលា​តាម​ដំណាក់កាល​នីមួយៗ

957

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺននៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នាយទាហានដែលមានឋានន្តរសក្ដិ ដើម្បីសម្រេចគោលដៅ និងស្របតាមផែនការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ ត្រូវតែឆ្លងកាត់សាលា តាមដំណាក់កាលនីមួយៗហើយត្រូវយកចិត្តទុកដាក់បំផុតចំពោះការសិក្សានេះ។

ថ្លែងនៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាធំ កងវរសេនាតូច នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គោលបំណង នៃការបើកវគ្គបណ្ដុះបណ្ដាលដល់នាយទាហានពលទាហាននេះ គឺដើម្បីបង្កើនជំនាញក្នុងវិស័យការពារជាតិឲ្យកាន់តែមានប្រសិនភាពខ្លាំងក្លាបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្ដាំឲ្យសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូន។ ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានរឹងមាំ ដើម្បីទទួលបានឱកាសល្អកាន់តែច្រើនថែមទៀត ក្នុងការកសាងជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង និងមានសុភមង្គល។

ត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាពដូចជាតាមប្រព័ន្ធ Internet ជាដើម និងមានសេចក្តីអំណត់តស៊ូ ខិតខំប្រឹងប្រែងមិនរាថយ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។ ពីព្រោះថា ការតាំងចិត្ត និងការខិតខំព្យាយាម គឺជាកត្តានាំឱ្យយើងជោគជ័យ។ ត្រូវយកចំណេះដឹងដែលបានសិក្សា និងការចុះដកបទពិសោធន៍កន្លងមក ប្រែក្លាយទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះចាប់យកចំណុចគន្លឹះសំខាន់ៗ យកមកអនុវត្តក្នុងការបំពេញភារកិច្ចផ្ទាល់ខ្លួន ចេះសិក្សាការងារពីអ្នកជិតខាងខ្លួន បន្តការស្រាវជ្រាវបន្ថែមរៀនផង ធ្វើការផងដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានជោគជ័យ ក្នុងអាជីពជាកងទ័ព។

មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ និងគ្រូគ្រប់គ្រងទាំងអស់ ត្រូវពង្រឹងគរុកោសល្យអប់រំចិត្តសាស្ត្រយកចិត្ត ទុកដាក់បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញឯកទេសយោធា ជូនដល់សិក្ខាកាមឱ្យទទួលបានលទ្ធផលល្អ។ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែម ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន ស្របតាមការវិវឌ្ឍនៃសភាពការណ៍និងការវិវឌ្ឍនៃបច្ចេកវិទ្យានៅលើពិភពលោក។សាលាត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពគ្នាប្រកបដោយឆន្ទៈជំនាញវិជ្ជាជីវៈ ចូលរួមគ្រប់សកម្មភាព និង រក្សាតម្លៃកេរ្តិ៍ឈ្មោះឱ្យបានល្អ ដើម្បីអភិវឌ្ឍសាលានាយទាហានសកម្ម ឱ្យកាន់តែល្អប្រសើរថែមទៀត៕

eat sarath eat sarath1 eat sarath2 eat sarath7 eat sarath5 eat sarath4 eat sarath6 eat sarath3