ក្រុម​និស្សិត​មកពី​សហរដ្ឋ​អាមេរិក​ស្វែងយល់​ពី​គោលនយោបាយ​វប្បធម៌​របស់​កម្ពុជា

73

ភ្នំពេញ ៖ ក្រុមនិស្សិត និងសាស្ត្រាចារ្យសាកលវិទ្យាល័យប្រោន សហរដ្ឋអាមេរិក បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែង យល់ពីសក្តានុពល និងគោលនយោបាយវប្បធម៌របស់កម្ពុជា ដែលប្រទេសនេះ ត្រូវបានចាត់ទុកថា កម្ពុជាជាព្រះរាជាណាចក្រនៃវប្បធម៌។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃម្សិលមិញ បានអនុញ្ញាតឲ្យក្រុមនិស្សិតសាកលវិទ្យាល័យប្រោន (Brown)សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងក្នុងបំណងស្វែងយល់ពីគោលនយោបាយវប្បធម៌របស់កម្ពុជា។

លោកសាស្ត្រាចារ្យ ប្រេដឡេ ជេ ហ្គោដុន (Bradley J. Gordon) តំណាងសាកលវិទ្យាល័យ ប្រោន សហរដ្ឋអាមេរិក បានជម្រាបជូនលោកជំទាវរដ្ឋមន្រី្ត ក្នុងជំនួបនេះថា កន្លងមកសាកលវិទ្យាល័យ ធ្លាប់លឺពីប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាទស្សនាវដី្ត កាសែតផ្សេងៗ ថាប្រទេសកម្ពុជាសម្បូរទៅដោយបេតិកភណ្ឌរូបី និងអរូបី មានច្រើនពាសពេញផ្ទៃប្រទេស។ ដូចនេះ ទើបលោកដឹកនាំក្រុមនិស្សិតរបស់ខ្លួនមកសិក្សា ស្វែងយល់ ពិសេសថាតើសម្បត្តិវប្បធម៌ដ៏ច្រើនទាំងអស់នេះ ក្រសួងមានគោលនយោបាយអ្វីខ្លះ ដើម្បីថែរក្សាការពារ អភិរក្ស ក៏ដូចជាអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ទាំងអស់នោះ។

និស្សិតទាំងអស់ដែលសិក្សាផ្នែកនយោបាយសាធារណៈ ដែលមកប្រទេសកម្ពុជានាពេលនេះ ជាផ្នែកមួយដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំគោលនយោបាយលើវិស័យវប្បធម៌របស់កម្ពុជា ក៏ដូចជាសិក្សាស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទីតាំងរមណីយដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា ។

ជាការឆ្លើយតបលោកជំទាវ ភឿង សកុណា សម្តែងការស្វាគមន៍ចំពោះក្រុមនិស្សិតមកពីសាកលវិទ្យាល័យ និងបានលើកឡើងពីគោលនយោបាយរបស់ក្រសួងវប្បធម៌ និងបទពិសោធន៍ក្នុងការបំពេញការងារថែរក្សាការពារសម្បត្តិបេតិកភណ្ឌទាំងអស់នោះ ដល់និស្សិតសាកលវិទ្យាល័យប្រោន បានសិក្សា និងដកស្រង់យកបទពិសោធន៍ផងដែរ៕

sakana meet brown sakana meet brown2 sakana meet brown1