ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត​ថា ​ឆ្នាំនេះ ​លទ្ធផល​ប្រលង​បាក់​ឌុប​អាច​ល្អប្រសើរ​ជាង​ឆ្នាំមុន​

100

 

កំពត ៖ ដូចបណ្តាខេត្តដទៃដែរ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ការប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ បានចាប់ផ្តើមហើយ នៅតាមមណ្ឌលទាំង៨ នៃក្រុងកំពត និងស្រុកទឹកឈូ សម្រាប់បេក្ខជនប្រលងទាំងអស់ មកពីគ្រប់វិទ្យាល័យក្នុងខេត្តកំពត។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានរំពឹងទុកថា លទ្ធផលនៃការប្រលងនៅក្នុងឆ្នាំនេះ អាចមានសិស្សជាប់បានច្រើនជាងឆ្នាំមុន ព្រោះសិស្សទាំងអស់បានត្រៀមលក្ខណៈយ៉ាងល្អ ហើយម្យ៉ាងទៀតពួកគេបានទទួលវគ្គសិក្សាបំពាក់បំប៉នបន្ថែមដោយឥតគិតថ្លៃនៅមុនពេលប្រលង។

លោក តាក ហាក់ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៦២០១៧ ទូទាំងខេត្តកំពត មានបេក្ខជនចំណេះទូទៅ បំពេញវិជ្ជា និងស្វ័យរិន ដែលត្រូវប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៥ពាន់១៧៩នាក់ ស្រី២ពាន់៤៣៧នាក់ ហើយត្រូវប្រើប្រាស់មណ្ឌលប្រលងចំនួនប្រាំបី ចែកចេញជា២០៨បន្ទប់ ឋិតនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ។ មណ្ឌលប្រលងទាំងនោះ រួមមាន វិទ្យាល័យព្រះរាជសម្ភារ សាលាបឋមសិក្សា ហ៊ុន សែន ១មករា អនុវិទ្យាល័យ ឌី ប៉ុក មហាសាមគ្គី សាលាបឋមសិក្សាសម្តេចតា វិទ្យាល័យមិត្តភាពកម្ពុជាជប៉ុន កំពតក្រុង សាលាគរុកោសល្យ និងវិក្រិតការ ខេត្ត អនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល និងវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង។

លោកប្រធានមន្ទីរមានសុទិដ្ឋិនិយមថា បេក្ខជនប្រលងនៅក្នុងឆ្នាំនេះ អាចនឹងជាប់ច្រើនជាងឆ្នាំមុន ព្រោះពួកគេបានត្រៀមលក្ខណៈគ្រប់គ្រាន់ចំពោះរាល់វិញ្ញាសា និងកំណែទម្រង់ នៃការប្រលងបែបថ្មី ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

លោក បានបន្ថែមថា ជាងនេះទៅទៀត សិស្សានុសិស្សនៅខេត្តកំពត មានឱកាស បានទទួលការសិក្សាបំពាក់បំប៉នបន្ថែម ដោយឥតគិតថ្លៃនៅមុនពេលប្រលងពីលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត ក្រោមការឧបត្ថម្ភ ពី ឯកឧត្តម ប៉ែន ស៊ីម៉ន ទីប្រឹក្សាសម្តេចតេជោ។

អភិបាលរងខេត្តកំពត លោកជំទាវ យូ សុគន្ធ ក្នុងពេលបើកវិញ្ញាសា ប្រលងនៅក្នុងអនុវិទ្យាល័យជុំគ្រាល បានថ្លែងថា ស្ថានភាពរបស់សិស្ស និងការរៀបចំការប្រលងនៅក្នុងឆ្នាំនេះ មានសភាពល្អប្រសើរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយលោកជំទាវក៏បានសង្ឃឹម និងជូនពរដល់សិស្សានុសិស្សឲ្យប្រលងជាប់គ្រប់ៗគ្នា ទៅតាមការតាំងចិត្ត និងការខិតខំប្រឹងប្រែងរៀនសូត្ររៀងៗខ្លួន។

ការប្រលងបាក់ឌុបឆ្នាំសិក្សា២០១៥២០១៦ ខេត្តកំពត មានបេក្ខជនប្រលងជាប់ ចំនួន២ពាន់៧៣១នាក់ ស្មើនឹងជិត៧០ភាគរយ។ ក្នុងនោះចំណាត់ថ្នាក់និទ្ទេសA ចំនួន១១នាក់ B ១២០នាក់ C ២៧២នាក់ D ៤៤៩នាក់ និងនិទ្ទេសE ជិតពីរពាន់នាក់៕

btvnews(21-08-2017(1)) btvnews(21-08-2017(2))