សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រកាស​មិន​ផ្តល់​ដី​សម្បទាន​តទៅទៀត​ទេ​ ដើម្បី​អភិរក្ស​បរិស្ថាន

1718

ភ្នំពេញ ៖ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែ សីហានេះ បានប្រកាសថា នៅក្នុងអាណត្តិដឹកនាំរបស់សម្តេច នឹងមិនបន្តផ្តល់ដីសម្បទានដល់ក្រុមហ៊ុនតទៅទៀតទេ ដើម្បីអភិរក្សការពារបរិស្ថានធនធានធម្មជាតិ នៅកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដូចនេះ ខណៈអញ្ជើញជាអធិបតី ក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឡើងនៅវិមានសន្តិភាព ។

សម្តេចតេជោ បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យសិក្សាពិនិត្យលទ្ធភាព រៀបចំចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិឱ្យប្រើប្រាស់ប្រភពថវិកាជាតិ និងថវិកាគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយសម្តេចក៏បានប្រកាសថា ក្នុងអាណត្តិរបស់សម្តេច នឹងមិនផ្តល់ដីសម្បទានបន្ថែមសម្រាប់ការវិនិយោគណាមួយទៀតនោះទេ ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់តំបន់ការពារចំនួន២៣តំបន់ ក្រោមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ៣លាន២សែនហិកតា ស្មើនឹង១៧%នៃផ្ទៃដីប្រទេស។

តាមរយៈកំណែទម្រង់លើវិស័យគ្រប់គ្រងធនធានធម្មជាតិ ក្នុងអាណត្តិទី៥ បច្ចុប្បន្នតំបន់ការពារធម្មជាតិត្រូវបាន បង្កើនឡើងដល់ចំនួន៤៥តំបន់ និងមានបន្ថែមផ្ទៃដី របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ សរុបមានផ្ទៃដីប្រមាណ៧,៤លាន ស្មើនឹង៤១ភាគរយ នៃផ្ទៃដីប្រទេស។

តាមរយៈច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៧ បានរៀបចំគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយបានបែងចែកជាប្រាំបីតំបន់ខុសៗគ្នា ក្នុងនោះរួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង, តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ, និងតំបន់ឧទ្យានជាតិសមុទ្រ៕

btvnews(22-08-2017(1)) btvnews(22-08-2017(2)) saasqwq btvnews(22-08-2017(3)) btvnews(22-08-2017(4)) weqweq