អភិបាល​ខេត្តតាកែវ​ ៖​ មន្ទីរ​ទាំងអស់​ត្រូវមាន​ខ្ទង់​ថវិកា​ជួយ​ដល់​មន្ត្រីរាជការ​នៅ ពេល​មាន​ជំងឺ

102

តាកែវ ៖ អភិបាលខេត្តតាកែវបានណែនាំដល់ប្រធានមន្ទីរអប់រំ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវមានខ្ទង់ថវិកាណាមួយសម្រាប់ជួយដល់មន្ត្រីរាជការ និងការចេញថ្លៃព្យាបាលជំងឺដល់មន្ត្រីរាជការដែលកំពុងតែជួបការខ្វះខាត ដែលការធ្វើបែបនេះ គឺដើម្បីជួយសម្រួលនូវជីវភាពរបស់មន្ត្រីរាជការបានមួយកម្រិត។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ កាលពីចុងសប្តាហ៍មុននេះ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រិតការ ឯកឧត្តម ឡាយ វណ្ណៈ បានបញ្ជាក់ថា នៅពេលដែលមានមន្ត្រីរាជការណាម្នាក់ជួបបញ្ហាខ្វះខាតសម្រាប់ដោះស្រាយនូវជីវភាព ក៏ដូចជាខ្វះខាតក្នុងការព្យាបាលជំងឺ ប្រធានមន្ទីរសាមីត្រូវតែមានខ្ទង់ថវិកាណាមួយសម្រាប់ដោះស្រាយបញ្ហាទាំងអស់នោះ ហើយតាមរយៈនេះវាបង្ហាញពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ។

ឯកឧត្តម ឡាយ វណ្ណៈ បានថ្លែងថា ក្នុងករណីដែលប្រធានមន្ទីរខ្វះខាត ឬមិនមានខ្ទង់ណាមួយ ដើម្បីដោះស្រាយបញ្ហាមន្ត្រីរាជការណាដែលជួបការលំបាក ត្រូវធ្វើសំណើ មកឯកឧត្តមផ្ទាល់ ដើម្បីចាត់ចែងការខ្វះខាតនោះដល់ពួកគេយកទៅដោះស្រាយឲ្យបានទាន់ពេលវេលា ពិសេសគឺជួយសម្រួល និងដោះស្រាយនូវជីវភាពបានមួយកម្រិតដែរ។

បើតាមឯកឧត្តមអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ការជួយដល់មន្ត្រីរាជការណាដែលខ្វះខាតពិតប្រាកដ គឺជាសកម្មភាពមនុស្សធម៌ដែលសំដែងឲ្យឃើញពីមនោសញ្ចេតនា ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក៏ដូចជាការបង្ហាញពីការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងបានល្អចំពោះមន្ទីរអង្គភាពជុំវិញខេត្ត៕

btvnews(28-08-2017(11)) btvnews(28-08-2017(12))