ជប៉ុន​បង្ហាញ​ក្ដី​កង្វល់​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ប្រទេស​របស់​ខ្លួន

90

ជប៉ុន៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកហោះ រំលងកោះហូកៃដូរបស់ប្រទេសជប៉ុនចូលទៅក្នុងសមុទ្រកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ជាហេតុបង្ខំឲ្យមានការក្រើនរំឭកដល់អ្នកស្រុកឲ្យរកជម្រកការពារខ្លួន ខណៈដែលមានការប្រកាសឲ្យមានប្រតិកម្មភ្លាមៗពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្ស៊ូ អាបេ និងមេដឹកនាំពិភពលោកដ៏ទៃទៀត។Japan1ក្រុមអ្នកជំនាញបានអះអាងថា ការបាញ់សាកល្បងដែលស្ថិតនៅក្នុងចំណោមសកម្មភាពបង្ករឿងខ្លាំងបំផុត មិនធ្លាប់ដែលមានពីសំណាក់រដ្ឋឯកោមួយនេះ ដែលទំនងជាមីស៊ីលរយៈចម្ងាយមធ្យមទើបអភិវឌ្ឍន៍ថ្មី Hwasong-12។ ការបាញ់មីស៊ីលនេះដែរបានកើតមានឡើង ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅលើតំបន់ឧបទ្វីបកូរ៉េដែលកូរ៉េខាងជើងធ្វើការជំទាស់យ៉ាងខ្លាំងក្លានោះ។ ជាការប្រតិកម្មនឹងការបាញ់មីស៊ីលនេះ ក្រុមបាតុករស្ដាំនិយមជាច្រើននាក់នាំគ្នាតវ៉ានៅមុខទីស្នាក់ការកណ្ដាល នៃឧត្ដមសមាគមប្រជាជនកូរ៉េ ឬហៅថាស្ថានទូតកូរ៉េខាងជើងប្រចាំក្នុងទីក្រុងតូក្យូ។

គួររំឭកថាកាលពីដើមខែនេះកូរ៉េខាងជើងបានគំរាមបាញ់មីស៊ីល Hwasong-12 ចំនួន ៤គ្រាប់ចូលទៅកាន់សមុទ្រជិតដែនកោះ Guam សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានទីក្រុងព្យុងយ៉ាងថានឹងប្រឈមជាមួយ “ការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត” បើសិនជាហ៊ានគំរាមកំហែងដល់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សារ៉ាត់